រថយន្តកែច្នៃបើកគេចរថយន្តយីឌុប វេក្រឡាប់បះជើង បណ្ដាលឲ្យព្រះសង្ឃ៨អង្គរបួសធ្ងន់ស្រាល
រតនគិរី ៖ រថយន្តកែច្នៃមួយគ្រឿងបើកបរដឹកព្រះសង្ឃ៨អង្គគេចពីថយន្តយីឌុបនៅពីខាងមុខ វេចង្កូតក្រឡាប់បះជើងខ្លួនឯង បណ្ដាលឲ្យព្រះសង្ឃ៨អង្គរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខ្ទមចម្ការឈ្មោះ សូភី តាមកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ធ្វើដំណើរចេញពីស្រុកអូរយ៉ាដាវ ឆ្ពោះទៅទឹកជ្រោះតំបន់អូរស៊ីនលែរ។ លោក ក្លល់ ថើង អធិការស្រុកលំផាត់បានឲ្យដឹងថា អ្នករួមដំណើរភាគច្រើនជាព្រះសង្ឃជិត១០អង្គ បានរបួសធ្ងន់ ២អង្គ និងម្នាក់ទៀតជាឧបាសករបួសស្រាល ហើយបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត និង៦អង្គទៀត បញ្ជូនតាមរថយន្តឯកជន និងរថយន្តសង្គ្រោះរបស់ស្រុកលំផាត់ យកមកព្យាបាលនៅមណ្ឌលសុខភាពស្រុកលំផាត់ផងដែរ។ លោកថា អ្នករងរបួសទាំងនោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ហើយរថយន្តដែលបានក្រឡាប់នោះ សមត្ថកិច្ចជំនាញបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី