សម្ដេច ស ខេង តេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសជាសាធារណនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា សម្តេចកំពុងវិជ្ជមានជំងឺកូវីដ-១៩ និងណែនាំឱ្យអ្នកនៅជុំវិញខ្លួនធ្វើតេស្តតាមដានសុខភាព…។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេច បានសរសេរថា៖ «ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ»។សម្ដេចបានបញ្ជាក់ថា សម្រាប់ពេលនេះ សម្ដេចបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយ សម្ដេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានជាធម្មតា។ ស្របជាមួយគ្នានេះ សម្ដេច ស ខេង បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយរយៈពេលខ្លី ហើយសម្ដេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។ គួររំលឹកផងដែរថា ក្នុងជួររាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ដែរ ខណៈសម្តេចកំពុងនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រជុំ G20 ដែលកាលៈទេសៈនោះ តម្រូវឱ្យសម្ដេចត្រឡប់មកកម្ពុជាវិញ ដើម្បីសុវត្ថិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ។ មិនតែប៉ុណ្ណោះ អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំAPEC។ យ៉ាងណាក្ដី សម្ដេចនៅតែបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវតែប៉ុណ្ណោះ៕ សម្រួលដោយ ទៀង បុណ្ណរី