កីឡាការិនី ប៊ួ សំណាង រត់វិញ្ញាសា ៥០០០ម៉ែត្រ មិនបានមេដាយទេ តែឈ្នះបេះដូងមហាជន

ភ្នំពេញ៖ តាមរយៈវីដេអូ ដែលកំពុងល្បីលើបណ្តាញសង្គម កីឡាការនី ប៊ួ សំណាង ដែលប្រកួតលើវិញ្ញាសារត់ ៥០០០ម៉ែត្រ បានប្រឹងប្រែងពុះពារក្រោមដំណក់ទឹកភ្លៀង ទោះដឹងថាមិនបានមេដាយក្តី ក៏នាងមិនបោះបង់ការប្រកួតដែរ ពោលនាងរត់ម្នាក់ឯង ទាល់តែដល់គោលដៅ។  កីឡាការិនីរូបនេះ មិនបានមេដាយអ្វីនោះទេ ហើយនាងក៏ស្ថិតក្នុងចំណាត់ថ្នាក់ក្រោមគេ ក្នុងចំណោមអត្តពលិកជាច្រើនផងដែរ។ ទោះជាយ៉ាងនេះក្តី មហាជនបានកោតសរសើរពីការខិតខំរបស់នាង ហើយវីដេអូនោះបានឆក់យកបេះដូងមហាជនទាំងមូល និងចាត់ទុកថា ម្ចាស់អាវលេខ ៤០១ និងខោលេខ ១០ គឺជាជើងឯកក្នុងចិត្តពួកគាត់។  សូម្បីតែបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចាប់អារម្មណ៍លើសកម្មភាពប្រកួតក្រោមដំណក់ភ្លៀង របស់កីឡាការិនីកម្ពុជាផងដែរ ពេលនាងប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ នាងបានយកទង់ជាតិកម្ពុជា ជូតទឹកភ្នែក និងលើកដីសំពះមកអ្នកគាំទ្រ ក្រោយការប្រកួតបានបញ្ចប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង