មនុស្សមួយក្រុមកំពុងតែរង់ចាំឡានក្រុង ស្រាប់តែត្រូវរថយន្តបុករះ ស្លាប់អស់៧នាក់នៅរដ្ឋតិចសាស់
មនុស្សចំនួន៧នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្ត SUV បើកបុករះហ្វូងមនុស្សដែលកំពុងរង់ចាំឡានក្រុង នៅហាងក្រៅមណ្ឌលជនចំណាកស្រុកនិងអ្នកគ្មានផ្ទះសម្បែងក្នុងទីក្រុង Brownsville នៃរដ្ឋតិចសាស់។ យោងតាមប៉ូលិសក្រុង Brownsville លោក Martin Sandoval បានឲ្យដឹងថា អ្នកបើករថយន្ត Range Rover បុកមនុស្សលើចិញ្ចើមផ្លូវនៅខាងក្រៅមណ្ឌល Ozanam ត្រូវបានចាប់ខ្លួនពីបទបើកបរមិនប្រុងប្រយ័ត្ន ហើយការចោទប្រកាន់បន្ថែមទៀតនឹងត្រូវបានធ្វើឡើង។ លោក Sandoval ប្រាប់អ្នកសារព័ត៌មានថា ការបើកបុកនេះ ហាក់ដូចជាធ្វើឡើងដោយចេតនា។ វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ ដែលគេបង្ហោះក្នុងបណ្តាញសង្គម បានបង្ហាញពីរថយន្តបើកក្នុងល្បឿនលឿន ទៅបុកមនុស្សនៅចិញ្ចើមផ្លូវប៉ើងឡើងលើ បន្ទាប់មក រថយន្តក៏បានក្រឡាប់។ អភិបាលក្រុង Brownsville លោក Trey Mendez បានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថា អ្នកស្លាប់គឺជាជនចំណាកស្រុកនៅមណ្ឌល Ozonam។ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ មនុស្សជាច្រើនបានចាត់ទុកឧបទ្ទវហេតុនេះជា “ឧក្រិដ្ឋកម្មស្អប់ខ្ពើម” ខណៈរបាយការណ៍ដំបូងបង្ហាញថា អ្នកបើកបរគឺជាអ្នកនិយាយភាសាអេស្ប៉ាញ។គួរបញ្ជាក់ថា Brownsville គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងនៅចុងភាគខាងត្បូងរដ្ឋតិចសាស់ និងជាកន្លែងពេញនិយមសម្រាប់ជនចំណាកស្រុក ដែលចូលមកពីប្រទេសម៉ិកស៊ិក៕ សម្រួលដោយ ទៀង បុណ្ណរី