ផឹកស៊ីជុំគ្នាខ្ចីម៉ូតូទៅទិញសាច់ក្លែមបាត់ឈឹង បែកគំនិតចង់ស៊ីដាច់ម៉ូតូមានអី៣ថ្ងៃក្រោយទើបចាប់បានមកវិញ

យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែ តាមក្របួចយកមកវិញ បន្ទាប់ពីខ្ចីម៉ូតូគេហើយសុីដាច់៣ថ្ងៃរួចមក។  យោងតាមការអះអាងពីនាយផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី២២ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាករណី​រំលោភលេីទំនុកចិត្ត​ បង្កដោយជនសង្ស័យឈ្មោះ​ សាំ​ ឡេងហ៊​ ហៅ​ ហ៊ីង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅក្រុមទី៤​ ភូមិបេង​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០០៧​ ពាក់ស្លាកលេខ​ បាត់ដំបង​ ១D-៦១៥៤​ របស់ជនរងគ្រោះឈ្មោះ​ រិទ្ធ​ សុឃិន​ ភេទប្រុស​ អាយុ៥៤​ឆ្នាំ​ មានទីលំនៅក្រុមទី២១ ភូមិវត្តតាមិម​ ឃុំអូរដំបង១​ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យបានខ្ចីម៉ូតូដើម្បីទៅទិញគ្រឿងក្លែមបន្ថែម ហើយក៏បានជិះយកទៅបាត់ ខណ:ពួកគេកំពុងផឹកសុីជុំគ្នា ។​  ក្រោយពេលទទួលបណ្តឹងរួច​ កម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល បានចុះស្រាវជ្រាវស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សាំ​ ឡេងហ៊​ ហៅ​ ហ៊ីង​ បាននៅថ្ងៃទី០៧​ ខែឧសភា​ ឆ្នាំ២០២៣​ វេលាម៉ោង៧និង៣០នាទីព្រឹក​ នៅចំណុចផ្ទះរបស់ជនសង្ស័យ​ និងបានដកហូតម៉ូតូ​ភិនភាគខាងលេី​បានចំនួន១គ្រឿង។  ករណីនេះ​ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ បន្ទាប់ពីពិនិត្យឃើញថា ជនសង្ស័យមានប្រើប្រាស់នូវសារធាតុញៀន ដោយឡែកម៉ូតូក៏ត្រូវបានសុំគោលការណ៍ដើម្បីប្រគល់ទៅអោយម្ចាស់ដើមវិញ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង