ប្រទេសថៃ មានការព្រួយបារម្ភផ្ទុះរដ្ឋប្រហារ ក្រោយការបោះឆ្នោត

អ្នកនយោបាយ និងបញ្ញវ័ន្តថៃ បានចេញមុខប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងបង្កើតរដ្ឋាភិបាលសំឡេងភាគតិចបន្ទាប់ពីការបោះឆ្នោតថ្ងៃទី១៤ខែឧសភា ដោយព្រមានថា ការធ្វើបែបនេះ អាចបង្កឲ្យមានបាតុកម្មនៅតាមផ្លូវឈានដល់ការផ្ទុះរដ្ឋប្រហារមួយទៀត។  ការព្រមាននេះកើតឡើង បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam កាលពីថ្ងៃពុធ បានច្រានចោលលទ្ធភាពនៃចន្លោះប្រហោងនយោបាយ ឬភាពជាប់គាំងដែលអាចកើតឡើងក្រោយការបោះឆ្នោត។  ទោះបី​ជា​យ៉ាង​ណាក៏ដោយ លោក​បានបង្ហាញក្តី​ព្រួយ​បារម្ភ​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ​អាច​នឹង​ចំណាយ​ពេល​យូរ​ជាង​ធម្មតា។ ថ្វីបើលោកជឿជាក់ថា គណបក្សណាដែលឈ្នះអាសនៈសភាភាគច្រើនអាចបង្កើតរដ្ឋាភិបាលថ្មីបានក៏ដោយ ប៉ុន្តែលោកនៅតែមិនច្បាស់ពាក់ព័ន្ធរឿងដែលថា គណបក្សឈ្នះឆ្នោត ទទួលបានអាសនៈតិចជាងមុន ហើយត្រូវធ្វើការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។   ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam (រូបថត៖ Thairath)  យ៉ាងណាក្តី អនុប្រធានគណបក្សប្រជាធិបតេយ្យ លោក Ongart Klampaiboon បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Wissanu គឺគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ការបង្កើតរដ្ឋាភិបាលសំឡេងភាគតិចគឺមិនទំនងឡើយ។  លោក Ongart បញ្ជាក់ថា “ក្រោយការបោះឆ្នោត គណបក្សនានានឹងព្យាយាមប្រមូលការគាំទ្រ និងទទួលបានអាសនៈសភាភាគច្រើន ឬលើសពី២៥០ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ គណបក្សណាដែលមិនធ្វើដូច្នេះ ត្រូវតែទទួលតួនាទីជាបក្សប្រឆាំង ព្រោះពួកគេស្ថិតក្នុងក្រុមសំឡេងភាគតិច”។   លោកបន្តថា “ប្រសិនបើគណបក្សក្នុងក្រុមសំឡេងភាគតិច ព្យាយាមបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ហើយពឹងផ្អែកលើការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីដែលពួកគេតែងតាំងនោះ រដ្ឋាភិបាលបែបនេះមិនមានស្ថិរភាពឡើយ ហើយអាចចាញ់ក្នុងការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត ឬការបោះឆ្នោតលើវិក័យប័ត្រហិរញ្ញវត្ថុសំខាន់ៗ។ ប្រសិនបើបេក្ខជននោះចាញ់ឆ្នោត រូបគេមានកាតព្វកិច្ចត្រូវលាលែងពីតំណែង”។  ស្របពេលជាមួយគ្នានោះ មេដឹកនាំគណបក្ស Chartpattanakla លោក Korn Chatikavanij ក៏បានបញ្ជាក់ផងដែរថា គណបក្សរបស់លោក នឹងមិនចូលរួមជាមួយរដ្ឋាភិបាលសំឡេងភាគតិច ដែលត្រូវការជំនួយពីសមាជិកព្រឹទ្ធសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ។ ជំហររបស់យើងគឺច្បាស់។ យើងនឹងមិនចូលរួមជាមួយរដ្ឋាភិបាលជនជាតិភាគតិចណាមួយឡើយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង