មានសត្វខ្ទីងមួយហ្វូងបង្ហាញខ្លួននៅស្រុកកែវសីមា ខណៈប្រជាពលរដ្ឋសម្ដែងភាពត្រេកអរផង និងបារម្ភអំពីការបរបាញ់ផង

មណ្ឌលគិរី៖ សត្វខ្ទីងមួយហ្វូងធំដែលជាអម្បូរសត្វកម្រផងដែរនោះ បានបង្ហាញខ្លួននៅកៀកជិតប្រជាពលរដ្ឋ ស្របពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីពេលថ្មីៗនេះ ។  ប្រជាពលរដ្ឋដែលបានប្រទះឃើញសត្វខ្ទីងមួយហ្វូងធំបែបនេះ បានបង្ហាញអារម្មណ៍រីករាយ​យ៉ាងខ្លាំងតាមរយៈបណ្ដាញសង្គម ប៉ុន្តែទន្ទឹមនោះគាត់ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលរស់​នៅក្បែរព្រៃមេត្តាកុំសម្លាប់ពួកវា និងសំណូមពរទៅមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុង​ស្រុកកែវសីមា សូមអភិរក្សការពារសត្វព្រៃទាំងអស់គ្នា ។  ប្រជាពលរដ្ឋខាងលើបន្តថា កាលប្រទះសត្វខ្ទីងមួយហ្វូងធំនោះ គឺកាលពីថ្ងៃទី២៩ មេសា ហើយកន្លងមកនៅតាមដងផ្លូវក្នុងឃុំចុងផ្លាស់ គាត់ក៏ធ្លាប់ប្រទះឃើញសត្វជ្រូកព្រៃមួយហ្វូងផងដែរ ។  លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់តាមទូរស័ព្ទថា សត្វខ្ទីងជាប្រភេទសត្វកម្រ នាពេលបច្ចុប្បន្ន ហើយចំពោះការបង្ហាញខ្លួនរបស់ពួកវា​មួយហ្វូងធំបែបនេះ ជាសញ្ញាមួយល្អពីព្រោះវានៅមានចំនួនច្រើនក្នុងខេត្តមណ្ឌលគិរី ។ លោកបន្តថា ទន្ទឹមនិងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អំពីការបរបាញ់សត្វព្រៃ លោកនឹងចាត់ឲ្យ មន្ត្រីឧទ្យានុរក្សប្រឹងប្រែងល្បាតការពារសត្វព្រៃឲ្យល្អជាងនេះថែមទៀត ។  លោក ឆៅ ប៊ុនធឿន បញ្ជាក់ថា កាលពីពេលថ្មីៗនេះដែរ មន្ត្រីឧទ្យានុរក្សក៏បានបង្ក្រាបករណី​បរបាញ់សត្វព្រៃ១ករណីនៅស្រុកកោះញែក ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅតុលាការរួចហើយ ។  សូមរម្លឹកដែរថា ថ្មីៗនេះជនសង្ស័យចំនួន១ក្រុមបានធ្វើសកម្មភាពបរបាញ់សត្វព្រៃ​ដោយខុសច្បាប់​នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវមន្ត្រីជំនាញបរិស្ថានបង្ក្រាបបាន ដោយក្នុងនោះបាន​រឹបអូសសាច់សត្វព្រៃស្រស់ជាច្រើនក្បាល កាំភ្លើងវែង កាំភ្លើងខ្លីជាច្រើនដើម និងរថយន្តទំនើប​សម្រាប់ជិះបរបាញ់១គ្រឿងផងដែរ ។  ជនសង្ស័យមានចំនួន៤នាក់ ប៉ុន្តែរត់គេចខ្លួន១នាក់ ក្នុងនោះទី១ ឈ្មោះ ហ៊ាន ប៊ុនហេង(ហៅអេង) ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិអូររមាស សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី មុខរបរមន្ត្រីអាវុធហត្ថខេត្តរតនគីរី រត់គេចខ្លួន ទី២ ឈ្មោះ ប៉េង ផល្លែន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិសាមគ្គីមានជ័យ ឃុំសាមគ្គីមានជ័យ ស្រុកអូរជ្រៃ ខេត្តបន្ទាយមានជ័យ មុខរបរ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ទី៣ឈ្មោះ រស់ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិរការទ្វារ ឃុំព្រែកពោធិ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម មុខរបរៈ ជាងដែក ទី៤ ឈ្មោះ លឹម ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មុខរបរ កសិករ ។  ជុំវិញការឃាត់ខ្លួនជនសង្ស័យបរបាញ់សត្វព្រៃខាងលើ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់តាមបណ្ដាញតេឡេក្រាមថា ការឃាត់ខ្លួនជនសង្ស័យមានចំនួន០៤នាក់ ប៉ុន្តែ០១នាក់បានរត់គេចខ្លួន ។ ដោយជនសង្ស័យខាងលើត្រូវបានចោទប្រកាន់ពីបទ៖ ចាប់ដោយដាក់អន្ទាក់ ឬដោយប្រមាញ់ សម្លាប់សត្វព្រៃគ្រប់ប្រភេទដែលកំពុងរងគ្រោះថ្នាក់ មានដោយកម្រ និងប្រើប្រាស់អាវុធជាតិផ្ទុះ ធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ ចំណុច៥ ចំណុច៦ និងមាត្រា៥៦ ចំណុច៣ នៃច្បាប់ស្ដីពីតំបន់ការពារ ធម្មជាតិ ។ ហើយបច្ចុប្បន្នជនជាប់ចោទកំពុងស្ថិតនៅក្នុងឃុំ ចំណែកអ្នកពាក់ព័ន្ធផ្សេងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង