សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជានៅបរិវេណព្រះមហាសក្យមុនីចេតិយ​ភ្នំព្រះរាជទ្រព្យ

ពីធីបុណ្យវិសាខបូជា ឆ្នាំនេះ ត្រូវបានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រារព្ធធ្វើឡើង នៅបរិវេណជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាបុណ្យចំពីមុខព្រះមហាសក្យមុនីចេតិយ ក្រោអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការយាង អញ្ជើញចូលរួមពីសម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។ ដោយឡែកតំណាងស្ថានទូតនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ក៏មានវត្តមានក្នុងពិធីបុណ្យវិសាខបូជានេះផងដែរ។  បន្ទាប់ពីរៀបចំពិធីបុណ្យទៅតាមកម្មវិធីប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជា ការសូត្របទសរភញ្ញថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាសវិសាខបូជាវេរភត្ត ប្រគេន ព្រះសង្ឃ ព្រះសង្ឃ អាចារ្យឧទ្ទិស ថ្វាយព្រះរាជកុសល សូត្របទរម្លឹកគុណព្រះពុទ្ធបរមគ្រូជាបន្តបន្ទាប់ រួចមក សម្ដេចក្រឡាហោម ស ខេង រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៨០អង្គ ដើម្បី ឧទ្ទិសកុសលផលបុណ្យ សូមឱ្យគុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសសូមឱ្យគុណបុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុតាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរភត្តានុមោទនា លោកដ្ឋ និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើនជារៀងរហូត។  គួរបញ្ជាក់ដែរថា ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ ជាព្រះរាជបុត្រារបស់ព្រះនាងសិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះជិនស្រី ព្រះសក្យមុនី ព្រះបរមគ្រូ ព្រះសាស្តាជាដើម។ ព្រះសមា្មសម្ពុទ្ធ ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខនាវេលាទៀបភ្លឺ។ ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៧ ឆ្នាំហើយ។  បុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះ ពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្ដម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុង ខែពិសាខ ដូចគ្នាខុសតែឆ្នាំ ប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសកលចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង