ផ្ទះជាង ៨ ពាន់ខ្នងរងការបំផ្លាញដោយសារខ្យល់ន្ត្រាក់
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ១០០ លើកទៅលើខេត្តចំនួន ២៤ លើកលែងរាជធានីភ្នំពេញបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៩០នាក់ និងខូចខាតផ្ទះសម្បែងជាង ៨ ពាន់ ខ្នងព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែឧសភានេះថា ចាប់ពីខែមករារហូតមកដល់ខែមេសាឆ្នាំ ២០២៣ នេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០១លើកបណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ១០១១ ខ្នង របើកដំបូលផ្ទះខូចខាតមធ្យមចំនួន ៧៣២៨ ខ្នង សាលារៀន៥៥ខ្នង អគាររដ្ឋបាល១៤កន្លែង តូបលក់ដូរ៤០តូប ស្លាប់មនុស្ស៦នាក់ និងរងរបួសចំនួន៨៧នាក់។ បាតុភូតខ្យល់កន្ត្រាក់រយៈពេល៤ខែនេះបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២២កន្លងទៅមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារការប្រែប្រួលអាកាសធាតុពិសេសនៅក្នុងខែមេសាឆ្នាំ ២០២៣ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមានខ្យល់កន្ត្រាក់កើតឡើងច្រើន ខណៈ៤ខែឆ្នាំមុនមានបាតុភូតខ្យល់កន្ត្រាក់កើតឡើងចំនួន ៦០ លើកបណ្តាលឱ្យរលំផ្ទះខូចខាតធ្ងន់ធ្ងរចំនួន៣៥៨ខ្នង របើកដំបូលផ្ទះខូចខាតមធ្យមចំនួន១៤៨៤ខ្នង សាលារៀន១៤ខ្នង អគាររដ្ឋបាល៤កន្លែង ស្លាប់មនុស្ស២នាក់និងរងរបួសចំនួន១៦នាក់៕ យោងតាមក្រសួងធនធានទឹកនិងឧត្តុនិយមបានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងបរិមាណ ពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែឧសភាដោយសារ ឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ចិន និងឥទ្ធិពល ខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីនិងមានស៊ីតុណ្ហភាពចាប់២៥អង្សាដល់ជិត៤០អង្សា៕ សម្រួលដោយ ទៀង បុណ្ណរី