ករណីស្លា.ប់កុមារី លួត លីហ្សា នៅក្រុងប៉ោយប៉ែត អាជ្ញាធរឈានដល់ការឃាត់ខ្លួនសាច់ញាតិមួយគ្រួសារយកទៅសាកសួរ

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ TNM ប្រចាំខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ករណី​ស្លាប់កុមារី លួត លី​ហ្សា ដែលសមត្ថកិច្ចខេត្តបន្ទាយមានជ័យអះអាងថា មិនមែនជារឿងឃាតកម្មនោះ ពេលនេះ អាជ្ញាធរឈានដល់ការឃាត់ខ្លួនមនុស្ស១គ្រួសារដែលមានសមាជិក៥នាក់យកទៅសាកសួរ…។  សូមរំឭក​ថា កុមារី លួត លី​ហ្សា អាយុ​៧​ឆ្នាំ ជា​សិស្ស​សាលា​បឋម​សិក្សា​ទំនប់​ក​៥ បាន​ស្លា​ប់អស់​រយៈពេល​ជាងមួយ​ឆ្នាំ​មកហើយ នៅ​មិន​ទាន់​ទទួល​បាន​ភាព​យុត្តិធម៌​នោះទេ ខណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ បានឆ្លើយតបនឹងសំណួរអង្គភាពសារព័ត៌មាន TNM កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា តាមរយៈការធ្វើកោសលវិច័យពីមន្ត្រីជំនាញជាតិ និងអន្តរជាតិ ចំពោះករណីខាងលើ មិនជាឃាតកម្មលើក្មេងស្រី លួត លីហ្សា នៅក្រុងប៉ោយប៉ែត នោះឡើយ ប៉ុន្តែជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមកដល់ពេលនេះ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតករណីនេះនៅឡើយ។ ចំពោះសព កុមារី លួត លីហ្សា ដែល​មាន​ឪពុក​ឈ្មោះ សំ សាន្ត អាយុ​៣៣​ឆ្នាំ (​កម្មករ​ផ្សារ​រ៉ុ​ង​ក្លឿ​ង​) និង​ម្តាយ​ឈ្មោះ យាន ខេមរា អាយុ​៣២​ឆ្នាំ ជាមេ​គ្រួសារ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយបែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ នោះ នៅតែដង្ហោយហៅរកយុត្តិធម៌ពីសំណាក់អាជ្ញាធរ។   ក្រោយធ្វើ​ការ​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ទាំង​គ្រួសារ​ដែល​មាន​គ្នា​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ប្រុស​៣​នាក់ និង​ស្រី​២​នាក់ ​ដែល​មាន​ឪពុកជាប់​ជា​ជនសង្ស័យ​ និង​កូនប្រុស​ម្នាក់ និង​កូនប្រសារ​ប្រុស​ម្នាក់ និងស្ត្រី​២​នាក់​ម្តាយ​ និង​កូនស្រី​ ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​ផ្ទះ​របស់​ជនជាប់ចោទ ត្រូវ​បាន​ចាក់សោ​បិទទ្វារ ដោយ​ឱ្យ​ប្រជា​ការពារ​ភូមិ​យាមកាម​។ លោក​ឧត្តមសេនីយ៍ត្រី នូ​រ ជី​វ័​ន្ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ឱ្យដឹង​ថា ករណីកុមារី លួត លី​ហ្សា អាយុ​៧​ឆ្នាំ ​ដែលបានស្លា​ប់អស់​រយៈពេល​ជាង​១​ឆ្នាំមកនោះ ពេលនេះក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​គាស់កកាយបើកសំណុំរឿងសម្ងាត់មួយនេះ​ហើយ ប៉ុន្តែចំពោះរឿងហេតុយ៉ាងណានោះអាជ្ញាធរ​ នឹងផ្តល់​ព័ត៌មានក្រោយ​ការសាកសួរពីមន្ត្រីជំនាញ​រួចរាល់ ទើប​ផ្តល់​ជូនព័ត៌មានលម្អិត​ជា​ផ្លូវការ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង