បងស្ម័គ្រអូនស្មោះតែទាស់ចាស់ៗ! ចុងក្រោយខាងប្រុសត្រូវជាប់គុក ក្រោយបបួលគូសង្សារអាយុក្រោម១៥ឆ្នាំ ត្រូវរូវគ្នាឡើងឋានសួគ៌

ខេត្តពោធិ៍សាត់៖ ជនសង្ស័យឈ្មោះ រ៉ា សារុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ឈ្មោះ ឃឿន សាវ៉េត អាយុ៤៦ឆ្នាំ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ហ.វ.ច ពីបទរួមភេទជាមួយកូននាងជាអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១ៈ៣០នាទីយប់នៅឯភូមិព្រៃខ្លុង…។  យោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ហ.វ.ច បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៤ៈ៣០នាទីរសៀល ជនសង្ស័យដែលជាសង្សាររបស់នាងឈ្មោះ រ៉ា សារុន បានជិះម៉ូតូទៅឌុបនាង និងមិត្តភក្តិម្នាក់ឈ្មោះ រ៉ាត វតី ពីមុខសាលាបឋមសិក្សាវាល ដើម្បីនាំគ្នាទៅញ៉ាំអីនៅកញ្ចុះមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាមួយមិត្តប្រុសម្នាក់ទៀតឈ្មោះ បឿក ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ដែលត្រូវជាសង្សាររបស់ឈ្មោះ រ៉ាត វតី ដោយនាំគ្នាទៅអង្គុយញ៉ាំអីនៅទីនោះ។ សកម្មភាពនេះ បានធ្វើជារៀងរាល់ថ្ងៃរហូតដល់មានថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៣ ពួកនាងបាននាំគ្នាអង្គុយលេងរហូតដល់យប់ជ្រៅវេលាម៉ោង១ៈ៣០នាទីរំលងអាធ្រាត្រ ព្រមទាំងបានជ្រុលជ្រួសជាមួយគ្នា(រួមរ័ក្ស)នៅយប់នោះ។ ហើយក្រោយមកម្តាយនាង ក៏បានជជីកសួរដឹងរឿងរ៉ាវហេតុផលអស់ ក៏បាននាំនាងទៅដាក់ពាក្យបណ្តឹងប្តឹងសង្សារតែម្ដង។ ដោយឡែក លោកវរសេនីយ៍ទោ គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឱ្យដឹងថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ា សារុន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ៈ១៥នាទីព្រឹក តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ដើម្បីនាំយកជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផងដែរ។  សូមបញ្ជាក់ផងដែរថា នេះជាមេរៀនជីវិតមួយដែលប្អូនៗយុវវ័យគួរពិចារណាឱ្យបានល្អិតល្អន់មុនសម្រេចចិត្តធ្វើអ្វីមួយដែលសង្គមមិនទទួលស្គាល់ និងខុសយ៉ាងធ្ងន់ធ្ងរទៅលើវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលបន្សល់តាំងពីបុរាណកាលមក។ ប៉ុន្តែយ៉ាងណា មហាជនក៏បានសំណូមពរដល់អាជ្ញាធរសមត្ថកិច្ច ក៏ដូចជាតុលាការផងដែរលើករណីមួយនេះ ដោយពួកគេដាក់ជាសំណួរថា តើពិតជាខុសតែភាគីបុរសតែម្ខាងឬយ៉ាងណា បើពួកគេទាំងពីរនាក់ស្ម័គ្រចិត្តប្រព្រឹត្តកំហុសនេះជាមួយគ្នា ដោយគ្មានការបង្ខិតបង្ខំនោះទេ? ទោះបីភាគីជនរងគ្រោះជាអនិតិជនក៏ពិតមែន ប៉ុន្តែតាមចម្លើយសារភាព គឺនាងបានដឹងយ៉ាងច្បាស់ពីបំណងសង្សាររបស់នាង ដូច្នេះ ច្បាប់ក៏គួរថ្លឹងថ្លែងលើចំណុចនេះផងដែរ ព្រោះជាការស្ម័គ្រចិត្តទាំងសងខាង…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង