នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវ ករណីPMឈ្មោះ ណុប ពុត្ថា យករថយន្តមកស្ទូចគោយន្តពលរដ្ឋ!
ភ្នំពេញ៖ ក្រោយមានប្រតិកម្មពីមហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងមន្ត្រីPMម្នាក់ និងពលរដ្ឋបើកគោយន្តកន្ត្រៃ!។ ខណៈភាគីពលរដ្ឋអះអាងថាៈ ខ្លួនបានបង់លុយឱ្យមន្ត្រីPMឈ្មោះ ណុប ពុត្ថា ចំនួន៤លានរៀលហើយ ចុងក្រោយមន្ត្រីPMរូបនេះ យករថយន្តមកស្ទូចគោយន្តខ្លួនទៅទៀត.។ ជាការឆ្លើយតប លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅហ្វេសប៊ុក នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា«ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យករណីខាងលើនិងដោះស្រាយដោយគោរពគោលការណ៍ “ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ”»។ សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីយប់រំលងអធ្រាតឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ គណនីហ្វេសប៊ុកឈ្មោះ ហៀង ធូ បានលើកឡើង នៅយប់ទី២៩.០៤.២០២៣ថាៈ«នៅរំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានបត់គោយន្តចូលផ្ទះ ហើយបានប៉ះពាល់ឡានដែលកំពុងបើកបរពីក្រោយ។ ម្ចាស់ឡានឈ្មោះ #ណុប_ពុត្ថា ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយបានទារសំណងចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) តែខ្ញុំសុំត្រឹម៤,០០០,០០០៛(បួនលានរៀល)និងបានឲ្យរួចហើយ ដោយគិតថាចប់ត្រឹមហ្នឹង។ ប៉ុន្តែពេលរសៀល ថ្ងៃខែឆ្នាំដដែល លោក ណុប ពុត្ថា បានយកឡានមកស្ទូចគោយន្តខ្ញុំដែលដាក់ក្នុងផ្ទះ ព្រមទាំងយកសំបកជនាឈើ ដែលខ្ញុំយកមកប្រើប្រាស់ជាគ្រួសារប៉ុនណោះទៅផងដែរ។ ដូចនេះសូម ជម្រាបជូន សម្តេចពុក ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារយើងខ្ញុំផង!👏👏👏 #បញ្ជាក់ហេតុការណ៍នេះ កើតឡើងនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ!»។ទោះជាយ៉ាងណាក្ដី មហាជនកំពុងរង់ចាំមើលចំណាត់ការ របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ថាៈតើលោកមានវិធានការ បែបណា ហើយទទួលបានលទ្ធផលយ៉ាងណា. ? ក្រោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា៕ សម្រួលដោយ ទៀង បុណ្ណរី