បច្ចុប្បន្ន អត្រាមានការងារធ្វើនៅកម្ពុជាមានចំនួន៩៩ភាគរយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់ ខណៈអត្រាមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន៩៩,៣ភាគរយ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។  រាជរដ្ឋាភិបាលកំពុងបន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត បានដាក់ឱ្យអនុវត្តថ្នាល់ឌីជីថលសេវាការងារព្រមទាំងរៀបចំ «វេទិកាការងារ» ថ្នាក់ជាតិ និងនៅតាមមូលដ្ឋានដោយបានផ្ដល់សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។ ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្ដល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណង ចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនបងប្អូនពលករយើងសរុបចំនួនប្រមាណ,៣លាននាក់ ដែលមិនត្រឹមតែអាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។   យ៉ាងណាមិញសម្រាប់ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដល់ចំនួន២០០ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយបើបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី២១៧ ទៅ២២៨ដុល្លារអាម៉េរិក ក្នុងមួយខែ។  គួររំលឹកផងដែរថា នាថ្មីៗនេះ ដើម្បីបន្តរក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវកម្មរបស់រោងចក្រ ពេលដែលមានការថមថយខ្សែចង្វាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣តទៅ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង