កីឡាការិនី ខាន់ ចេសាមកដល់កម្ពុជា ហើយរំពឹងថានឹងទទួលបានមេដាយមាសជូនជាតិម្ដងទៀត
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ខាន់ ចេសា ពិតជារំភើបរីករាយ និងមានមោទនភាពដែលបានតំណាងឲ្យជាតិកម្ពុជាសាជាថ្មីក្នុងព្រឹត្តិការណ៍អន្តរជាតិ ហើយរំពឹងទទួលបានមេដាយមាសទៀតដើម្បីជូនជាតិ។ លោក Peter Khan ឪពុកបង្កើតរបស់កីឡាការិនី ខាន់ ចេសា បាននិយាយថា ៖«យើងខ្ញុំទាំងអស់គ្នាពិតជាសប្បាយរីករាយណាស់ដែលបានមកដល់កម្ពុជាជាថ្មី។ កូនស្រីរបស់ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ដែលទទួលបានឱកាសតំណាងឲ្យកម្ពុជា ហើយរំពឹងទទួលបានមេដាយមាសជូនជាតិទៀត»។ «កូនស្រីរបស់ខ្ញុំពិតជាមានកិត្តិយសណាស់ដែលទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជា។ នេះជាការផ្តល់កម្តាំងចិត្ត និងអ្នកគាំទ្រដ៏សំខាន់ដល់អត្តពលិក»។ លោក Peter បានសង្កត់ធ្ងន់។ សូមបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា ធ្លាប់ឈ្នះមេដាយមាស២គ្រឿងហើយជូនជាតិកម្ពុជា ក្នុងនោះលើកទី១ គឺមេដាយមាសពីកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងលើកទី២ មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕ សម្រួលដោយ ទៀង បុណ្ណរី