ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមានដកមន្រ្តីណាពាក់ព័ន្ធបទល្មើសព្រៃឈើ
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីបង្ក្រាបឲ្យបានទាំងជនល្មើស និងអ្នកពាក់ព័ន្ធ។ ក្រោយមានបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញការដាក់ចេញវិធានការបន្ថែមលើបញ្ហាបទល្មើសព្រៃឈើ កាលពីថ្មីៗនេះ ដោយបានបញ្ជាយ៉ាងដាច់ណាត់ដល់គ្រប់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអន្តរាគមន៍បង្ក្រាបឲ្យបានទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «ស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងនោះពាក់ព័ន្ធនឹងជនល្មើស និងអ្នកពាក់ព័ន្ធ រួមទាំងមន្រ្តីឃុបឃិតជាមួយជនល្មើសទាំងមន្រ្តីជំនាញ និងមូលដ្ឋាន»។ នាយឧត្តមសេនីយ៍ សៅ សុខា សង្កត់ធ្ងន់ថា «តាមដានគ្រប់សកម្មភាពមធ្យោបាយ សកម្មភាពស្របច្បាប់របស់ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល ជាពិសេសព័ត៌មានអំពីនិយាមកាដែលរាជរដ្ឋាភិបាលផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។ ក្រោយមានបទបញ្ជាខាងលើ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអះអាង និងបញ្ជាភ្លាមៗយ៉ាងដូច្នេះថា «ទី១ អភិបាលខេត្តព្រះវិហារ មិនយកលុយមួយរៀលពីឈ្មួញឈើទេ ទី២ សូមទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើ ទី៣ បើមានមន្រ្តីពាក់ព័ន្ធនឹងមានវិធានការដកមន្រ្តីនោះចោលតែម្តង»។ ជាមួយបទបញ្ជានេះ នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវប្រតិបត្តិការជាមួយអាជ្ញាធរខេត្ត ដោយសហការបញ្ជាកម្លាំងស្រុកចេញទៅតំបន់ព្រៃអភិរក្ស ហើយត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ ចេញប្រតិបត្តិការរាល់ពេលទទួលបានព័ត៌មានទាំងក្នុងខេត្តព្រះវិហារ ក្រចេះ និងកំពង់ធំ។ នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា ចំពោះការអនុវត្តច្បាប់ដោយមន្រ្តីនគរបាលយុត្តិធម៌ ដីព្រៃអភិរក្សត្រូវអនុវត្តដោយមន្រ្តីបរិស្ថាន ដីអភិវឌ្ឍន៍ និងព្រៃអភិវឌ្ឍន៍អនុវត្តដោយមន្រ្តីបរិស្ថាន ប៉ុន្តែត្រូវសហការជាមួយមន្រ្តីក្រសួងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី