ស្គាល់កាន់តែច្បាស់ពីស្ពានទាំង ៤ កន្លែង ឆ្លងកាត់ទន្លេនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែង មានស្ពានឆ្លងកាត់ទន្លេធំៗចំនួន ៤កន្លែង ដែលជាសមិទ្ធផលនៅក្នុងខេត្ត។ នៅក្នុងសន្និសីទសារព័ត៌មានដែលបានរៀបចំដោយអង្គភាពអ្នកនាំពាក្យកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ស្វាយ សំអ៊ាង បានអះអាងថា ខេត្តស្ទឹងត្រែងជាខេត្តមួយដែលមានផ្ទៃដីទូលំទូលាយ និងខេត្តជាតំបន់ខ្ពង់រាប មានព្រៃភ្នំ ទន្លេ ស្ទឹង បឹង បួរ អូរ ព្រមទាំងដីកោះជាច្រើនកន្លែង។ ស្របពេលជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ដែរថា ខេត្តស្ទឹងត្រែងក៏មានស្ពានធ្លងកាត់ទន្លេធំៗចំនួន ៤ រួមមាន៖ -ស្ពានឆ្លងទន្លេមេគង្គ មានប្រវែង ១.៧៣១ ម៉ែត្រ -ស្ពានទន្លេកុងសែនជ័យ ប្រវែង ២៦០ម៉ែត្រ -ស្ពានកោះទន្សាយសែនជ័យឆ្លងកាត់ទន្លេកុងផ្នែកខាងលើមានប្រវែង ២៤០ម៉ែត្រ -ស្ពានឆ្លងទន្លេសេកុងមានប្រវែង ១.០៥៧ម៉ែត្រ ក្រៅពីស្ពានធំៗទាំង ៤ កន្លែងខាងលើ លោក ស្វាយ សំអ៊ាង ចង្អុលបង្ហាញទៀតថា ខេត្តស្ទឹងត្រែង ក៏មានផ្លូវជាតិឆ្លងកាត់ខេត្ត ៣ ខែ្ស គឺផ្លូវជាតិលេខ៧ ពីព្រំប្រទល់ខេត្តក្រចេះ ដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដែលមានប្រវែង ៨៦,៦គីឡូម៉ែត្រ, ផ្លូវជាតិលេខ៩ ពីព្រំប្រទល់ខេត្តព្រះវិហារ ដល់ក្រុងស្ទឹងត្រែង មានប្រវែង ៧២,៩គីឡូម៉ែត្រ, និងផ្លូវជាតិលេខ៧៨ ចាប់ពីអូរពងមាន់ ក្រុងស្ទឹងត្រែង ដល់ស្ពានស្រែពក ខេត្តរតនគិរី មានប្រវែង ៦៥គីឡូម៉ែត្រ៕ សម្រួលដោយ ទៀង បុណ្ណរី