ស្នងការខេត្តកំពត នឹងបញ្ជូនសំណុំរឿងលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ទៅតុលាការនៅថ្ងៃទី២៧ ស្អែកនេះ

ខេត្តកំពត៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់មុននេះថា ស្នងការខេត្តនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោទៅសាលាដំបូងខេត្តនៅថ្ងៃទី២៧ ខែមេសា ស្អែកនេះ លើករណីហិង្សាលើភរិយា។  លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងកំពត បន្ទាប់ពីចូលខ្លួនបំភ្លឺពាក់ព័ន្ធករណីហិង្សាលើប្រពន្ធបង្កឲ្យមានរបួសស្នាម។  គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ស្រ្តីឈ្មោះ ម៉ាត់ លក្ខិណា ដែលជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Ah Leak ដែលអះអាងថាជា ប្រពន្ធរបស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានបង្ហោះវិដេអូ និងក្លឹមសាររៀបរាប់ពីការឈឺចាប់ និងសូមឲ្យមហាជនជួយរកយុត្តិធម៌ពីការប្រើអំពើហិង្សាពីស្វាម៉ី។  ស្ត្រីរូបនេះបានរៀបរាប់ថា នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ៕    សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង