សម្តេចតេជោ៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ធ្វើឱ្យស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឱ្យមានការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលបាននាំ​ចេញ​ទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក កូរ៉េ ជប៉ុន និងថៃ ជាដើម។  តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានតម្រូវការខ្ពស់នេះ ដោយសារស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីជាម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០ ហើយបន្ទាប់​មកបាន​ចុះបញ្ជីការ​ពារនៅបណ្តាប្រទេសចំនួន២៩ផ្សេងទៀត។  ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន៖ ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គ ស្នួល ដែលមានដើមត្នោតសរុបប្រមាណ ៣០ ០០០ (សាមសិបពាន់)ដើម ប៉ុន្តែបច្ចុប្បន្ននេះ មានដើមត្នោតតែចំនួន ៣ ៦៣៧ (បីពាន់ប្រាំមួយរយសាមសិបប្រាំពីរ)ដើម អាចផលិតស្ករត្នោត​បានបរិមាណ ២៥០ តោនប៉ុណ្ណោះ ដែលបាននិងកំពុងអាស្រ័យផល ដោយគ្រួសារចំនួន ១៥៣ ជាសមាជិកសមាគម​លើកកម្ពស់ស្ករ ត្នោតកំពង់ស្ពឺ។  សម្តេចតេជោ បានគូសបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើន​តម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមអភិរក្សដើមត្នោត ដែលជាអត្តសញ្ញាណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបាន​បន្តថែរក្សា កេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជា​សម្បត្តិវប្បធម៌ សម្រាប់ការពារអត្តសញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរណ៍។  ទោះបីយ៉ាងនេះក្តី អាស្រ័យដោយការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យមានកំណើនវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដែលស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃអចលនទ្រព្យ បានធ្វើឱ្យប្រជាពលរដ្ឋបោះបង់មុខរបរផលិតស្ករត្នោត ដែលបង្កឱ្យមានការព្រួយ​បារម្ភចំពោះការធ្លាក់ចុះ​ផលិតផល​ស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ។  ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍​ជាអតិបរមាពីដើមត្នោតនេះ។ ការលើកឡើងរបស់សម្តេចតេជោ បែបនេះតាមរយៈលិខិតចូលរួមអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើឡើងក្រោមមូលបទ “ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” នៅថ្ងៃទី ២៦ ខែ មេសា នេះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង