នៅក្នុងខែមេសានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលមន្រ្តីប្រកាសទ្រព្យសម្បត្តិសរុប ២២២ នាក់ និងពាក្យប្តឹងចំនួន៤០

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ៖ ក្នុងខែមេសា ឆ្នាំ ២០២៣នេះអង្គភាពរបស់ខ្លួន បានទទួល មន្រ្តីប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុប ២២២ នាក់។ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលពាក្យប្តឹងសរុបចំនួន៤០ផងដែរ។  យោងតាម របាយការណ៍របស់ អង្ភភាពប្រឆាំងអំពើពុករលួយដែលបានបញ្ចេញឱ្យដឹងក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៣បានឱ្យដឹងថាក្នុងខែមេសានេះមានមន្ត្រីចំនួន ២២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៧៣ នាក់ និងមន្ត្រី ៤៩ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។ដោយឡែកចំពោះពាក្យប្តឹងវិញ ក្នុងខែដដែលនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះចំនួន ៤០ ពាក្យប្ដឹងផងដែរ។  ប្រភពខាងលើដដែលនេះ បានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាទាក់ទិនទៅនឹងអំពីការបង្ការ ទប់ស្កាត់អំពើពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌសុខាភិបាលឱ្យចូល បំរើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ឆ្នាំ២០២៣ ចំនួន ២០០ នាក់ ក្នុងចំណោម បេក្ខជនដាក់ពាក្យប្រឡងចំនួន ៣.៥១២ នាក់ នៅមណ្ឌលប្រឡងចំនួន ៣ ស្មើនឹង ១៤៤ បន្ទប់។ អ.ប.ពបានចាត់តាំងមន្ត្រីចំនួន ១៧៤ រូប ចូលរួមសង្កេតការណ៍នៅតាមមណ្ឌលប្រឡងនីមួយៗ ផងដែរ។  ការប្រឡងនេះឃើញថា បានដំណើរការដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ អង្គភាពប្រឆាំងអំពើពុករលួយ បានសំណូមពរឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចេញទិដ្ឋាការជូនអ្នកដែលប្រឡង ជាប់ទាំង ២០០ នាក់ ឱ្យបានទាន់ពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅសម្ពោធមន្ទីរពេទ្យ។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏ បានចុះសង្កេត ការណ៍លទ្ធកម្មសាធារណៈ ចំនួន ២១៣ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៦៥ អង្គភាព៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង