ជនទំនើងទាញកាំបិតប៉័ងតោ កាប់មន្ត្រីនគរបាលបណ្ដាលឲ្យរបួសធ្ងន់ ខណៈខឹងវាយម្តាយមិនបាននៅស្រុកបាភ្នំ ខេត្តព្រៃវែង
ព្រៃវែង៖ ជនទំនើងម្នាក់ ព្រោះតែខឹងវាយម្ដាយមិនបាន ខណៈដែលលោកនាយរងប៉ុស្តិឃុំស្ពឺខ ស្រុកបាភ្នំ ចូលទៅឃាត់ ជាហេតុនាំឲ្យជនដៃដល់ខឹងទាញកាំបិតប៉័ងតោ កាប់ទាំងកម្រោល មកលើជនរងគ្រោះជាមន្ត្រីនគរបាល ចុងក្រោយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍កាប់ប៉ូលិសនេះ បានកើតឡើង នៅចំណុចវាលស្រែខាងជើងវត្តព្រៃប្រង់ ស្ថិតភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៉ឺម សុផុន ភេទប្រុស អាយុ៥៣ឆ្នាំ មានតួនាទីជានាយរងប៉ុស្ដឹស្ពឺ ខ នៃស្រុកបាភ្នំ រងរបួសមុតរយះក្បាល ចំនួន៣កន្លែង។ ក្នុងនោះ ផ្នែកខាងមុខ១កន្លែង លើស្លឹកត្រចៀកខាងស្ដាំចំនួន២កន្លែងទៀត បណ្ដាលឲ្យរបួសធ្ងន់។ រីឯជនសង្ស័យឈ្មោះ សា សំអាង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង (ឃាត់ខ្លួន)។ នគរបាលស្រុកបាភ្នំបានឲ្យដឹងបន្ថែមថា ពិតជាមានករណី ជនដៃដល់កាប់មន្ត្រីប៉ូលីស បណ្ដាលឲ្យរបួសធ្ងន់ប្រាកដមែន ខណៈពេលជនរងគ្រោះ ចុះទៅឃាត់ជនដៃដល់កំពុងវាយម្ដាយ។ ពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុ កាលពីល្ងាចថ្ងៃទី២០ខែមេសាឆ្នាំ២០២៣ ជនសង្ស័យខាងលើ បានអុកឡុក ដោយជិះម៉ូតូរោទ៍សំឡេងខ្លាំងៗនិងបង្ហោះម៉ូតូ នៅក្នុងវត្តនាភូមិកើតហេតុ។ លុះដល់ថ្ងៃទី២១ ស្អែកឡើង ជនសង្ស័យ បានដេញវាយម្ដាយបង្កើត តែវាយមិនត្រូវ ភ្លាមៗនោះជនរងគ្រោះជាប៉ូលីស បានចុះទៅអន្តរាគមន៍ដើម្បីឃាត់ ជាហេតុនាំឲ្យជនសង្ស័យ ទាញកាំបិតប៉័ងតោ រត់ទៅវាលស្រែខាងជើងវត្ត ឃើញដូច្នេះ ជនរងគ្រោះក៏រត់ដេញ តាមជនសង្ស័យ ហើយជនសង្ស័យ ក៏យកកាំបិតប៉័តោដែលកាន់និងដៃ កាប់មកលើជនរងគ្រោះ បណ្ដាលអោយរងរបួសក្បាល៣កន្លែងតែម្ដងទៅ ក្រោយកើតហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីរួចហើយ។ យោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ហោះនៅហ្វេសបុកផ្ទាល់ខ្លួន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត។ បច្ចុប្បន្នក្មេងពាលត្រូវបានដាក់ទ្រុងត្រៀមបញ្ចូនទៅតុលាការ ។ តាមរយៈលោកស្នងការនគរបាលខេត្តព្រៃវែង ក៏បានបង្ហាញអារម្មណ៍របស់ខ្លួន ប្រាប់ប្រជាពលរដ្ឋថា «ជួយមើលផង នេះហើយជីវិតពិតនគរបាលដែលស្រលាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើមិនចង់ ឮពាក្យត្មះដៀលនោះទេ ជូនកាលអនុវត្តខុសតែបន្តិចជាប់ទ្រុងខ្លួនឯង ខ្ញុំជឿជាក់ថា នគរបាលទូទាំងខេត្តព្រៃវែងនឹងបន្តប្រឹងប្រែងដណ្តើមយកក្តីស្រលាញ់ពីប្រជាជន ឲ្យខាងតែបាន»៕ សម្រួលដោយ ទៀង បុណ្ណរី