សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំកីឡាការិនីឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីដណ្តើមជោគជ័យ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានណែនាំដល់កីឡាការិនីជម្រើសជាតិកម្ពុជាឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមជោគជ័យ និងកិត្តិយសជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខាងមុខនេះ។ សម្ដេចកិត្តិសង្គហបណ្ឌិត ណែនាំបែបនេះកាលពីរសៀលថ្ងៃទី២១ ខែមេសា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ៣៦៨នាក់ ដែលនឹងត្រូវចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រែក្លាយកម្ពុជាដែលញាំញីដោយសារសង្គ្រាមមកជាប្រទេសមានការអភិវឌ្ឍ និងការរីកចម្រើន លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។ សម្ដេច បានបន្តថា ចំពោះវិស័យកីឡា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ ដោយកន្លងមក កីឡាករ-កីឡាការរិនីកម្ពុជា បានដណ្តើមយកមេដាយជាច្រើនជូនជាតិមាតុភូមិ និងបានធ្វើឲ្យកម្ពុជាមានឈ្មោះបោះសម្លេងក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ដោយឡែក គោលបំណងនៃការរៀបចំពិធីជួបសំណេះសំណាល នាពេលនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ កសាងឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយឈរលើស្មារតីសាមគ្គីភាពជាតិ និងអន្តរជាតិ ដើម្បីដណ្តើមជោគជ័យ និងកិត្តិយសជូនប្រទេសជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចកិត្តិសង្គហបណ្ឌិត។ លើសពីនេះ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ ពេលខាងមុខនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តល់អនុសាសន៍៤ចំណុចដល់គ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនី រួមមាន៖ ១/ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួតដោយត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បីមួយចំនួនដែលនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជាតិ។ ២/ គ្រូបង្វឹក និងគ្រូជំនួយ ត្រូវខិតខំបង្វឹក និងផ្តល់បច្ចេកទេសក្នុងការប្រកួតទៅដល់កីឡាការិនី និងផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់កីឡាការិនីទាំងអស់ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត។ ៣/ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គីភាពល្អជាមួយកីឡាករ-កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ ក្នុងការប្រកួត។ ៤/ សូមទាំងអស់គ្នារក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់យើង។ សូមជម្រាបថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងបើកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ និងកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺជាមោទនភាព និងជាមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ កីឡាសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មានចំនួន៣៧ប្រភេទកីឡា និងមានកីឡាករ-កីឡារិនីចំនួន ១២៤០៤នាក់ នៃប្រតិភូកីឡា ដែលបានចុះឈ្មោះក្នុងបញ្ជី។ ដោយឡែកសម្រាប់កម្ពុជាមាន៤២សម្ព័ន្ធកីឡា៕ សម្រួលដោយ ទៀង បុណ្ណរី