រុស្ស៊ី ហាមឃាត់​ប្រជាជនជប៉ុនជុំវិញ​ការធ្វើ​យុទ្ធនាការទាមទារអធិបតេយ្យភាព​លើ​កោះ​មានជម្លោះ

អគ្គរដ្ឋអាជ្ញារុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃសុក្រទី ២១ ខែមេសាថា ខ្លួនបានហាមឃាត់ក្រុមធ្វើយុទ្ធនាការទាមទារអធិបតេយ្យភាពរបស់ជប៉ុនលើកោះមានជម្លោះចំនួនបួនដែលសហភាពសូវៀតបានរឹបអូសនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូ។   ក្រុមដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធអ្នករស់នៅលើកោះ Chishima និង Habomai បានរៀបចំការធ្វើដំណើរប្រចាំឆ្នាំទៅកាន់កោះ ដោយអតីតអ្នកស្រុកជប៉ុន និងកូនចៅរបស់ពួកគេ រាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញបន្ទាប់ពីសង្គ្រាម។ កោះភាគខាងត្បូងបំផុតទាំងបួនដែលត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី  ត្រូវបានទាមទារដោយប្រទេសជប៉ុនថាជាដែនដីភាគខាងជើងរបស់ខ្លួន។ ជម្លោះ​នេះ​បាន​រារាំង​ភាគី​ទាំង​ពីរ​មិន​ឱ្យ​ចុះហត្ថលេខា​ជា​ផ្លូវការ​នូវ​សន្ធិសញ្ញា​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម។  នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរដ្ឋអាជ្ញារុស្ស៊ីបានចោទប្រកាន់សម្ព័ន្ធអ្នករស់នៅលើកោះថា បង្កើតគំនិតអវិជ្ជមានលើរុស្ស៊ី និងបង្កអស្ថិរភាពលើខ្សែសង្វាក់កោះ ដែលភាគីរុស្ស៊ីសំដៅទៅលើប្រជុំកោះគូរីល។ លើសពីនេះ ការិយាល័យអគ្គរដ្ឋអាជ្ញាបានរាយការណ៍ថា ៖«ខ្លួនរកឃើញថាសកម្មភាពរបស់អង្គការបរទេសមានគោលបំណងរំលោភលើបូរណភាពទឹកដីនៃសហព័ន្ធរុស្ស៊ី»។  ចំណាត់ការរបស់ភាគីរុស្ស៊ីកើតឡើងចំពេលដែលទំនាក់ទំនងដ៏សោះកក្រោះរវាងរុស្ស៊ី និងជប៉ុនដែលបានចូលរួមជាមួយដៃគូរបស់ខ្លួននៅក្នុងក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) ដោយការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។  គួរបញ្ជាក់ថា ទីក្រុងតូក្យូ​បាន​តវ៉ា​ជាមួយ​ក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៧ ខែមេសា ជុំវិញ​សមយុទ្ធ​ដែល​ធ្វើឡើង​ដោយ​កងនាវា​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី​នៅជិត​ប្រជុំ​កោះមាន​ជម្លោះ។ យ៉ាងណាមិញ វិមានក្រែមឡាំងបានច្រានចោលការតវ៉ាដោយអះអាងថា សមយុទ្ធនេះគឺស្របតាមច្បាប់អន្តរជាតិ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង