ទីបំផុត! ឃាត់ខ្លួនបានហើយជនសង្ស័យដែលអា.រ.ក.ប្ល.ន់.ម៉ូតូនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យអារកប្លន់យកម៉ូតូនៅចម្ការដូងប្រេង ក្រោយប្លន់បានបម្រុងយកទៅលក់នៅផ្សារឃ្លាំងរំសេវរាជធានីភ្នំពេញ ប៉ុន្តែត្រូវសមត្ថកិច្ចក្របួចបាននៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីប្លន់ យកផ្លែឡាមអារកប្លន់យកម៉ូតូបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង ០៣:៣០នាទីរសៀល ថ្ងៃដដែលតាមបណ្តោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរអ្នករួមមាន៖ ទី១.ឈ្មោះ វី ជីវ័ន្ត ហៅអាវ័ន្ត ភេទប្រុស, ទី២. ឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ស្រីតែងខ្លួនធ្វើប្រុស) អាយុ២៣ឆ្នាំ។ អ្នកទាំងពីរជាជនជាតិខ្មែរ នឹងមានមុខរបរមិនពិតប្រាកដដូចគ្នា។ រីឯវត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ Honda C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-0801, កូនកាបូបពណ៌ខៀវខ្ចី១ មានលាក់ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច (ចាប់យកពីឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ស្រីតែងខ្លួនធ្វើប្រុស)។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ជនសង្ស័យទាំង០២នាក់ទៅឱ្យអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថាបានប្រទះឃើញលោកពូរត់ម៉ូតូឌុបត្រូវចោរប្លន់អារកប្លន់យកម៉ូតូ ខណៈពេលគាត់កំពុងព្យាយាមរត់ចេញពីព្រៃក្នុងចម្ការដូងប្រេង ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ សម្រួលដោយ ទៀង បុណ្ណរី