លោក ខៀវ កាញ៉ារីទ្ធបានអញ្ចើញជាអធិបតីភាពក្នុងវេទិកាពិភាក្សា ពិសេសៗ ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា
ភ្នំពេញ៖ វេទិកាពិភាក្សា ដើម្បី «ពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន» រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ជាប់វិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅជិតដល់ថ្ងៃបោះឆ្នោតនេះ មានព័ត៌មានក្លែងក្លាយច្រើន ដែលអ្នកកាសែត ក៏ដូចជាសាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះថា ដំណឹងក្លែងក្លាយមានច្រើន។ ម្យ៉ាងវិញទៀត ក្រសួងព័ត៌មាន កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន។ ប៉ុន្តែនៅពេលបោះឆ្នោតនេះ ក្រសួងនឹងរៀបចំចំណុចមួយសំខាន់បំផុត គឺអនុវត្តមាត្រាមួយ ដែលកំណត់ថា នៅពេលណាអ្នកកាសែតសរសេរខុស ហើយត្រូវគេទាមទារឱ្យកែតម្រូវ គឺត្រូវចុះផ្សាយទាំងស្រុង។
ក្នុងនោះដែរក្រសួងកំពុងរៀបចំចំណុចសំខាន់ៗត្រូវតែប្រុងប្រយ័ត្នជានិច្ច ដើម្បីក្នុងពេលបោះឆ្នោតនេះ។ បើសិនជាកាសែតនោះ មិនចុះផ្សាយនូវការកែតម្រូវទេ ក្រសួងនឹងត្រូវបិទអាជ្ញាប័ណ្ណ»។ ជាមួយនឹងការលើកឡើងដូច្នេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏ដូចជាវាគ្មិនជាច្រើនទៀត ដែលជាអ្នកកាសែតជើងចាស់ជាតិ និងអន្តរជាតិ បានក្រើនរម្លឹកដល់អ្នកកាសែតទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះ សម្រាប់អ្នកកាសែត។ ជាចុងក្រោយ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានអរគុណអ្នកដែលបានចូលរួមជួយឧបត្ថម្ភទាំងអស់ក្នុងកម្មវិធីនេះផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី