អាជ្ញាធរដឹកនាំអ្នកភូមិ ជួសជុលស្ពានទ្រុឌទ្រោមមុនរដូវវស្សាមកដល់

ខេត្តស្ទឹងត្រែង ៖  អាជ្ញាធរឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានដឹកនាំប្រជាពលរដ្ឋជាច្រើនរយគ្រួសាររស់នៅភូមិស្រែតាប៉ានជួសជុលស្ពានអូរតាថាន់ដែល​ទ្រុឌទ្រោមខ្លាំង ដើម្បីឆ្លងផុតភាពលំបាក​ឲ្យ​ងាយស្រួលធ្វើចរាចរណ៍​មុនរដូវវស្សាឈានមកដល់ មានសុវត្ថិភាព ពេលកូនចៅទៅរៀនទាន់ពេលវេលា។  លោកសាន ខាំផៃ សមាជិកក្រុមប្រឹក្សាឃុំសាមឃួយបានបញ្ចាក់ថា ស្ពាននេះមានប្រវែង ២៤ ម៉ែត្រ ទទឹងជិត ៤ ម៉ែត្រ តភ្ជាប់ផ្លូវជួរមាត់ទន្លេរវាងភូមិស្រែតាប៉ាន ឃុំសាមឃួយ មកភូមិហាងខូបាន ក្នុង​សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ លោកបន្តទៀតថា ប្រជាពលរដ្ឋរួមកម្លាំងគ្នាធ្វើការជួសជុល ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការធ្វើចរាចរណ៍​ទៅមក ដើម្បីបញ្ចៀសការគ្រោះថ្នាក់នៅរដូវទឹកទន្លេសេកុងឡើងមក។ លោកអះអាងថា បើ​បានស្ពាននេះរួចប្រជាជនធ្វើដំណើរមិនពិបាកទេ ហើយការចុះតាមផ្លូវវាងវាមានហានីភ័យច្រើន ទីមួយផ្លូវវាបែកភក់ ទី២មកគឺទឹកឡើងមិនអាចដំណើរការបាន មានការគ្រោះថ្នាក់ តែបើជួសជុលហើយស្ពាននេះ គឺប្រជាពលរដ្ឋធ្វើដំណើរដឹកទំនិញ ឬក៍ដឹកកសិផលទៅកាន់ទីផ្សារបាន។  លោក ផៃឡា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាន បានទទួលសស្គាល់ថា ស្ពាននេះមានអាយុកាលជាង​១៥​ឆ្នាំ​មកហើយ និងមានសភាពទ្រុឌទ្រោមបង្កឱ្យអ្នកដំណើរមានការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ ព្រោះខ្លាចបាក់នៅរដូវវស្សា ក្នុងពេលដែលទឹកទន្លេសេកុងជន់លិចមកនោះ។   លោកសាទរចំពោះកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលបានរួមគ្នាជាកម្លាំងធ្វើសកម្មភាពជួសជុលបានរួចរាល់សម្រាប់បម្រើផលប្រយោជន៍ទូទៅ ក្នុងការទំនាក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ និងងាយស្រួលបានទៅដោះដូរទំនិញនៅទីផ្សារ បង្កើនជីវភាពរស់នៅជាលក្ខណៈគ្រួសារ ព្រោះនៅតំបន់កសិករយើងភាគច្រើនជាអ្នកដាំបន្លែបង្ការ។  ស្ពានអូរតាថាន់នេះ ពាន​សាងសង់ឡើងនៅឆ្នាំ២០០៨មានប្រវែង ២៤ ម៉ែត្រ ទទឹងជិត ៤ ម៉ែត្រ ហើយរងការខូចខាត ដោយសារទឹកជំនន់ទន្លេសេកុងលិចផ្ទួនៗគ្នា កាលពីឆ្នាំ២០១២កន្លងមក ទើបបង្កឱ្យបាក់ទ្រុឌទ្រោម ហើយភាពលំបាកនេះលោក​ ស្វាយ សំអ៊ាង អភិបាលខេត្តបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥ លានរៀល ធ្វើការជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកធានាមានសុវត្ថិភាព ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង