កម្ពុជាចង់នាំផ្លែស្វាយស្រស់ទៅប្រទេសបារាំងខណៈបារាំងស្នើនាំផ្លែប៉ោមស្រស់ចូលមកកម្ពុជាវិញ
ភាគីកម្ពុជាតាមរយៈអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានបង្ហាញពីបំណង់ពង្រីកវិសាលភាពនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេស ទីផ្សារអឺរ៉ុប ដោយបានស្នើសុំនីតិវិធីដើម្បីនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសបារាំង។ ជាការឆ្លើយតបវិញភាគីបារាំងបានស្នើចង់នាំផ្លែប៉ោមស្រស់ចូលមកទីផ្សារកម្ពុជាដូចគ្នា។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មកម្ពុជា។ ការបង្ហើបពីបំណងធ្វើការដោះដូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងពេលដែល ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីអន ឆាំមីនេត(Marion Chaminade) ទីប្រឹក្សាកសិ-អាហារថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម និងប្រតិភូឯទៀត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ លោកស្រី Marion Chaminade បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីបើកផ្លូវដល់ការនាំចូលផ្លែប៉ោមស្រស់មកពីប្រទេសបារាំងចូលមលកម្ពុជាបាន។ ដោយឡែកភាគីកម្ពុជាក៏មិនខុសគ្នាដែរ ដោយឯកឧត្តម ងិន ឆាយ បាន ស្នើឱ្យលោកស្រី Marion Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង។ ជាលទ្ធផលភាគីទាំងពីរសុទ្ធតែបានយល់ព្រមផ្ញើជូនគ្នាទៅវិញទៅមកនាពេលក្រោយ នូវលិខិតឯកសារ លក្ខខណ្ឌតម្រូវលម្អិតដែលពាក់ព័ន្ធ សម្រាប់បន្តនីតិវិធី។ ភាគីបារាំងបានក្តីរំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងអាចរៀបចំឡើងឱ្យបានឆាប់រហ័ស មានការចែករំលែកព័ត៌មានបានល្អ និងទាន់ពេលវេលា ដើម្បីសម្រេចបានការនាំចូលក្នុងពេលដ៏ខ្លីខាងមុខ។ សូមជម្រាបថា ពាណិជ្ជកម្មរវាងកម្ពុជាបារាំងនៅពេញមួយឆ្នាម២០២២ សម្រេចបានទំហំជាង ៥៤២លានដុល្លារ កើនឡើងជិត២៦ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅបារាំងមានជាង៤២៣លានដុល្លារ ខណៈនាំចូលពីបារាំងមកវិញមានជិត១២០លានដុល្លារ។ ដោយឡែកបើតាមតួលេខកាលពីខែមករាឆ្នាំ២០២៣ ការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារបរទេសបានប្រមាណ ១១,៨៧តោន ក្នុងទំហំទឹកប្រាក់ជាង ២,៣លានដុល្លារអាម៉េរិក ហើយក្នុងនោះកម្ពុជាបាននាំស្វាយស្រស់ទៅប្រទេសវៀតណាមចំនួន ៩,៥៤តោនថៃចំនួន២,៣២តោន និងកូរ៉េចំនួន៥,៧៦តោន៕ សម្រួលដោយ ទៀង បុណ្ណរី