ប្រទេសឡាវ ហាមនាំចូលគុយទាវទូកកញ្ចប់មួយប្រភេទរបស់ ថៃ ក្រោយរកឃើញបាក់តេរីលើសស្ដង់ដារ

ប្រទេសឡាវបានហាមប្រាមការនាំចូលគុយទាវទូកថៃ ឬហៅម្យ៉ាងទៀតថា Kuay Tiew Rua ក្រោយមានរបាយការណ៍ពីការចម្លងមេរោគបាក់តេរីនៅក្នុងផលិតផល ។  នាយកដ្ឋាន​អាហារ​ និង​ឱសថ​ក្នុង​ប្រទេស​ឡាវ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាល​ពី​ដើម​ខែ​នេះ ​ដើម្បី​ហាម​ឃាត់​ការ​នាំ​ចូល​គុយទាវ​ទូករបស់ក្រុមហ៊ុន Lerros ពី​ប្រទេស​ថៃ ដោយសារ​វា​មាន​ផ្ទុក​បាក់តេរី Bacillus cereus លើស​ពី​ស្តង់ដារ​ធម្មតា ដែល​អាច​បង្ក​បញ្ហា​ដល់​សុខភាព ។  គុយទាវកញ្ចប់នេះផ្ទុកទៅដោយមីក្រូបាក់តេរីប្រហែល ៦,៦០០ លើសពីស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាលក្នុងប្រទេសថៃ ដែលកំណត់ក្នុងចំនួន ១,០០០ មីក្រូបាក់តេរីសម្រាប់កញ្ចប់គ្រឿងទេស គុយទាវ និងមីសួរជាដើម ។  យោងតាមសារព័ត៌មាន Thai PBS បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថក្នុងប្រទេសថៃក៏បានព្រមានសាធារណជនអំពីការទទួលទានគុយទាវកញ្ចប់ដែលចែកចាយដោយក្រុមហ៊ុន Lerros Interfoods ដែលមានមូលដ្ឋាននៅខេត្ត Samut Prakan ប្រទេសឡាវផងដែរ ។ទន្ទឹមនោះ នាយកដ្ឋានចំណីអាហារ និងឱសថឡាវក៏បានជំរុញ និងណែនាំអ្នកត្រួតពិនិត្យម្ហូបអាហារ ឲ្យឆែកឆេរការនាំចូល និងចរាចរផលិតផលនៅលើទីផ្សារ និងជូនដំណឹងដល់ប្រជាពលរដ្ឋចៀសសវាងការទទួលទាន លក់ ឬការនាំចូលទំនិញទាំងនេះ ។  គួរបញ្ជាក់ថា រោគសញ្ញា ក៏ដូចជាអាការបណ្ដាលមកពីបាក់តេរី Bacillus cereus អាចចាប់ផ្តើមពី ៦ ទៅ ១៥ នាទី បន្ទាប់ពីទទួលទានអាហារដែលមានមេរោគ ហើយអ្នកខ្លះអាចជួបប្រទះនូវការក្អួតចង្អោរចន្លោះពី ៣០ នាទីទៅ ៦ ម៉ោង បន្ទាប់ពីទទួលទានអាហារ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង