ក្រសួងពាណិជ្ជកម្មរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផលសម្រេចទៅទីផ្សារអន្តរជាតិ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធជំរុញការនាំចេញផលិតផល​សម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានដូចជា ផលិតផលកសិ-ឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលបាន​ចាត់​បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលដែលមានសក្តានុពល អាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។  លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់​ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម កាលពីថ្ងៃទី ១២ មេសា។  បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អង្គប្រជុំ បានពិភាក្សាជាពិសេសលើការលើកកម្ពស់គុណភាព​ម្រេច​របស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញអភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជា។   សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានខិតខំ និងដឹកនាំចរចាបើកទីផ្សារបន្ថែមថ្មីៗ ជាពិសេសក្នុងឆ្នាំ២០២២​កន្លងទៅនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន៣ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀង​ភាពជា​ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបច្ចុប្បន្នក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងដឹកនាំបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង