មេប៉ូលិសខេត្តព្រៃវែងដែលទើបឡើងតំណែងថ្មី ដាក់បទបញ្ជាឱ្យមន្រ្តី បង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន

ព្រៃវែង : ក្រោយឡើងតំណែងបានមួយរយៈ មេប៉ូលិសខេត្តព្រៃវែង ហាក់លេចធ្លោសកម្មក្នុងការបង្រ្កាបបទល្មើស ក្នុងចំណោមមេប៉ូលិសនៅតាមបណ្ដាខេត្តចាស់ៗទូទាំងប្រទេស ។  នៅក្នុងកិច្ចប្រជុំលើកទី២ រយៈពេលមួយខែ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អធិការដ្ឋានក្រុង ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់លោកអធិការក្រុង-ស្រុក ទាំង ១៣ នៅរសៀលថ្ងៃទី៧ មេសា នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលទើបឡើងតំណែងថ្មី បានដាក់ចេញនូវបទបញ្ជាដល់មន្រ្តី ត្រូវពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងការអនុវត្តការងារ វិន័យកងកម្លាំង និងដាក់ចេញនូវយុទ្ធនាការមុនពីធីបុណ្យចូលឆ្នាំខ្មែរ អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ពិសេសក្រុងព្រៃវែង ។  បន្ទាប់ពីទទួលបានការណែនាំ និងដាក់ចេញនូវបទបញ្ជា ក្នុងការអនុវត្តការងារបន្ត លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ បានប្ដេជ្ញាអនុវត្តឲ្យបានល្អផងដែរ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង