រដ្ឋបាល ចូ បៃដិន បន្ទោស ដូណាល់ ត្រាំ ទៅលើការដកទ័ពដ៏ច្របូកច្របល់ ចេញពី អាហ្វហ្គានីស្ថាន

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានស្តីបន្ទោសការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានយ៉ាងច្របូកច្របល់ ទៅលើអ្នកកាន់តំណែងមុនគឺលោក ដូណាល់ ត្រាំ។  សេចក្តីសង្ខេប១២ទំព័រនៃរបាយការណ៍នេះនិយាយថា លោក បៃដិន ត្រូវបានរារាំងដោយការសម្រេចចិត្តរបស់លោក ត្រាំ រួមទាំងកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឆ្នាំ២០២០ជាមួយក្រុមតាលីបង់ផងដែរ។ ប៉ុន្តែ​របាយការណ៍​ក៏​ទទួល​ស្គាល់​ដែរ​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្តើម​ការ​ជម្លៀស​ជន​ស៊ីវិលឲ្យបាន​មុន​នេះ។  យោងតាមសេតវិមាន, “ជម្រើសរបស់លោកប្រធានាធិបតី បៃដិន សម្រាប់វិធីអនុវត្តការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរារាំងយ៉ាងខ្លាំងដោយលក្ខខណ្ឌដែលបង្កើតឡើងដោយលោកត្រាំ។ រដ្ឋបាលមុន មិនបានផ្តល់ផែនការសម្រាប់ដំណើរការដកទ័ពនោះទេ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានឆ្លើយតបថា សេតវិមានកំពុងលេងល្បែងព័ត៌មានមិនពិត។   ការពិនិត្យឡើងវិញលើការសម្រេចចិត្ត និងសកម្មភាពឈានទៅដល់ការដកទ័ព ដែលធ្វើឡើងដោយក្រសួងការបរទេសនិងមន្ទីរបញ្ចកោណ គឺត្រូវបានបញ្ជូនទៅសភា កាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា។  ឯកសារនេះនៅតែរក្សាជាសម្ងាត់ ប៉ុន្តែសេចក្តីសង្ខេបនៃការសន្និដ្ឋានរបស់វា ដែលច្របាច់បញ្ចូលគ្នាដោយក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ជាមួយនឹងលោកប្រធានាធិបតី បៃដិន ផ្ទាល់ គឺត្រូវបានបង្ហាញជាសាធារណៈ។  គួរបញ្ជាក់ថា ការដកទ័ពដ៏ច្របូកច្របល់នៅខែសីហាឆ្នាំ២០២១ បានបញ្ចប់សង្រ្គាមដ៏យូរបំផុតរបស់អាមេរិក។ ទាហានអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថានជិត ២០០ នាក់ត្រូវបានសម្លាប់ ខណៈទាហានអាមេរិកបានព្យាយាមជម្លៀសមនុស្សជាង ១២ ម៉ឺននាក់ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង