មេ WHO ប្រចាំ​អឺរ៉ុប ៖ វ៉ាក់សាំង​ជាមធ្យោបាយ​ដ៏ល្អបំផុតក្នុងការ​ចាកចេញពី​កូវីដ១៩

TNM(អ៊ីយូ) ៖ នាយកអង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានថ្លែង​កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២១​ថា វ៉ាក់សាំង​ជាមធ្យោបាយ​ដ៏ល្អបំផុត​ក្នុងការចាកចេញ​ពី​ជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

ក្នុងនោះ​លោក​បាន​បន្ទោសដល់​ភាពយឺតយ៉ាវ​ការចាក់​វ៉ាក់សាំង​នៅ​តំបន់អឺរ៉ុប ដែល​ធ្វើឱ្យ​ជំងឺនេះ​អូសបន្លាយ​កាន់តែយូរ។ លោកថ្លែងដូច្នេះថា ៖ «យើងត្រូវតែបង្កើនល្បឿន​ការ​ផលិត​ កាត់​បន្ថយ​រនាំង​នៃការចាក់វ៉ាក់សាំង ហើយត្រូវប្រើគ្រប់វ៉ាក់សាំង​ដែល​កំពុង​មានស្រាប់​ក្នុងស្តុក»។

តាម Hans Kluge បានឲ្យដឹងថា រហូតមកដល់ពេលនេះមានតែ១០ភាគរយ នៃប្រជាជនសរុបក្នុងតំបន់ដែលបានទទួលវ៉ាក់សាំង ហើយមានតែ ៤ ភាគរយប៉ុណ្ណោះដែលបានចាក់ពេញលេញ។ លោកសង្កត់ធ្ងន់ថា កាលពីសប្តាហ៍មុនអឺរ៉ុបមើលឃើញករណីឆ្លងថ្មីរហូតដល់ ១.៦លានករណី និងករណីស្លាប់ ២៤,០០០នាក់ដែលធ្វើឲ្យអឺរ៉ុបក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងទី២ លើពិភពលោក។

ក្នុងអំឡុងពេល​ដែល​វ៉ាក់សាំង​កូវីដ១៩​ នៅមានកម្រិតទាប លោក​លើកឡើង​ថា ប្រទេសអឺរ៉ុបនឹង​ប្រើវិធានការរាំងខ្ទប់បន្ថែមទៀត និង​វិធានការ​នានា៕

អត្ថបទដែលជាប់ទាក់ទង