ពលរដ្ឋខ្មែរសម្រុកវិលពីប្រទេសថៃ មកស្រុកកំណើតវិញត្រៀមអបអរបុណ្យចូលឆ្នាំខ្មែរ
ខេត្តបាត់ដំបង៖ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះបុណ្យចូលឆ្នាំខ្មែរនឹងឈានចូលមកដល់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ គេសង្កេតឃើញថាតាមច្រកព្រំដែននៃភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជាវិញ។ ទន្ទឹមនឹងនោះ បើយោងតាមរបាយការណ៍ដែលទទួលបានពីច្រកព្រំដែននៃភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបងនៅព្រឹកមិញនេះមានបងប្អូនប្រជាពលរដ្ឋចំនួន ៣៣៣នាក់ ស្រី១៣៤នាក់ និងក្មេង៥នាក់ បានអញ្ជើញចាកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា។ មន្ត្រីជំនាញតំបន់នោះបានឱ្យដឹងបន្ថែមថា ចំនួននេះអាច នឹងកើនឡើងជាបន្តបន្ទាប់នៅតាមចំណុចព្រំដែនជាប់និងប្រទេសថៃ។ដោយឡែក លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថាដោយពិនិត្យលើទិដ្ឋភាពបែបនេះ លោកក៏បានធ្វើការណែនាំដល់មន្រ្តីនគរបាល នៅមូលដ្ឋានទាំងមាននគរបាលវរសេនាតូច ការពារព្រំដែនគោក និងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ត្រូវសហការជាមួយសមត្ថកិច្ចអាជ្ញាធរ ដែលស្ថិតនៅភូមិសាស្ត្រទទួលខុសត្រូវរៀបចំការទទួលបងប្អូនដែលបានវិលត្រឡប់មកលេងស្រុកកំណើតវិញឱ្យបានត្រឹមត្រូវស្របតាមជំនាញ។ យ៉ាងណាមិញ លោកថាមន្ត្រីជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកពលរដ្ឋទាំងអស់ក្នុងពេលមកដល់ និងវិលត្រឡប់ទៅកាន់លំនៅដ្ឋាននាស្រុកកំណើតរបស់គាត់ឱ្យប្រកបដោយសុខសុវត្ថិភាព៕ សម្រួលដោយ ទៀង បុណ្ណរី