សម្តេចតេជោ ផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ”។ អនុសាសន៍ទាំង ៤ចំណុចនេះ មានដូចជា៖  ទី១. ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈសម ស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរ ឡើងស្របតាមគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយ។   ទី២. គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និង ការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង។   ទី៣. គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិក ចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។   ទី៤. ទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការ របស់ទីផ្សារ។   លើសពីនេះទៀត សម្តេចតេជោ បានអំពាវនាវឱ្យប្រជាជនកម្ពុជា គ្រប់រូបចូលរួមគាំទ្រ និង ទិញផលិតផលខ្មែរ​យកទៅប្រើប្រាស់ឱ្យបានច្រើន ក្រោមស្មារតី “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើត ការងារជូនពលរដ្ឋខ្មែរ” និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជន​ទាំងអស់បន្តកិច្ចសហការជាមួយ នឹងគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយ​អភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានឧត្តមភាពទីផ្សារ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង