ផ្នែកការពារអ្នក​ក្លែង​បន្លំ ​គ្រោងនឹងបញ្ចូលស្រា​ពាង​ជនជាតិ​​ដើម​ភាគ​តិចចូលក្នុងគម្រោង ​​​ភូមិ​មួយផលិតផល​មួយ

លោក​ ញ៉ែម សំអឿន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​រតនគិរីបាន​មាន​ប្រសាសន៍​ថា ដើម្បី​អាច​រក្សា​បាន​នូវ​រូបមន្ត​ដើម​នៃ ការ​ផលិត​ស្រា​ពាង​របស់​ជនជាតិ​ដើម​ភាគតិច​​ក្នុង​ខេត្ត​ឱ្យ​​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​លោក​កំពុង​រៀប​ចំ​ដាក់បញ្ចូល​​«ការ​ផលិត​ស្រា​ពាង​»​ចូល​​ក្នុង​ផលិត​ផល​ភូមិ​មួយ ផលិត​ផល​មួយ​របស់​ថ្នាក់​ជាតិ។ ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២៣ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ភាព​ជោគជ័យ​ពេល​ ៥​ឆ្នាំ​របស់​ខេត្ត​រតនៈ​គិរី ​ឆ្លើយ​តប​សំណួរ​របស់​«កម្ពុជា​ថ្មី» លោក ញ៉ែម សំអឿន បាន​ចង្អុល​បង្ហាញ​ថា ពាក់ព័ន្ធ​នឹង​ការ​ផលិត​ស្រា​ពាង​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ គឺ​ពិត​ណាស់​រដ្ឋបាល​ខេត្ត​បាន​​គិត​គូរ​យ៉ាង​ខ្លាំង​ ហើយ​ក៏​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ស្រា​ពាង​ក្លាយ​ទៅ​ជា​ផលិត​ផល​ពិត​ប្រាកដ​តែ​មួយ​គត់​នៃ​ជនជាតិ​ដើម​ភាគ​តិច។   ទន្ទឹម​នេះ​ លោកអភិបាល​ខេត្តបាន​លើក​ឡើង​ថា​ «​យើង​ពិត​ជា​មាន​ការ​ខិតខំ​យ៉ាង​ខ្លាំង​ធ្វើ​យ៉ាង​ណា អាច​ធានា​បាន​ថា ស្រា​ពាង គឺ​ជា​ផលិត​របស់​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច ​ជា​អ្នក​ផលិត​តែ​មួយ​គត់។ មិន​តែ​ប៉ុណ្ណោះ ​រាល់​ការ​ផលិត​ស្រា​ពាង​របស់​ជនជាតិ​ដើម​ភាគ​តិច សុទ្ធសឹង​តែ​មាន​រូបមន្ត​របស់​ពួកគាត់ ហើយ​ខ្ញុំ​តែងតែ​ព្យាយាម​ណែនាំ​ឱ្យ​ពួកគាត់​រក្សា​ទុក​នៅ​រូបមន្ត​នៃ​ការ​ផលិត​ឱ្យ​បាន​គង់វង្ស។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ក៏​កំពុង​ចាត់​ចូល​ទៅ​ក្នុង​ផលិតផល​ភូមិ​មួយ ផលិត​ផល​មួយ​របស់​ថ្នាក់​ជាតិ​ផង​ដែរ ដើម្បី​អាច​បញ្ជាក់​ពី​គុណភាព​របស់​គាត់​»។  បន្ថែម​ពី​នេះ​ លោក ញ៉ែម សំអឿន ក៏​បាន​សង្កត់​ធ្ងន់​ថា​ ការ​ធ្វើ​បែប​នេះដើម្បី​អាច​បញ្ជាក់​ពី​ផលិត​ផល​សុទ្ធ​​ ពិសេស​ការ​ផលិត​ស្រា​ពាង​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ប្រាកដ​ថា រាល់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ​អាច​ទទួល​បាន​ស្រា​ពាង​ ជា​របស់​ជន​ជាតិ​ដើម​​ និង​អាច​ធានា​ថា មិន​ប៉ះ​ចំ​ស្រា​​ក្លែង​ក្លាយ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​ទីផ្សារ​ផង​ដែរ។  គួរ​បញ្ជាក់​ផង​ថា ជនជាតិ​ដើម​ភាគតិច​តែង​តែ​និយម​ស្រា​បឺត ឬ​ស្រា​ពាង ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​​ឆ្នាំ​មក​ហើយ ឬ​អាច​និយាយ​បាន​ថា ស្រា​ពាង​ ​ជា​ស្រា​ប្រពៃណី​ដូនតា​​របស់​ពួកគេ។ ម្យ៉ាង​វិញ​ទៀត មិន​ត្រឹម​តែ​ជនជាតិ​ដើម​ភាគ​តិច​ប៉ុណ្ណោះ​ទេ​ ដែល​និយម​ស្រា​ពាង សូម្បី​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ភូមិ​ភាគ​ឦសាន ក៏​តែង​តែ​មាន​បំណង​ចង់​ភ្លក់​នូវ​រស់​ជាតិ​ដើម​នៃ​ស្រា​ពាង​នេះ​ផង​ដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង