ភ្ញៀវទេសចរបង្ហាញអាម្មណ៍សប្បាយរីករាយនៅពេលឃើញការរៀបចំតាំងលម្អ និងការសាង សង់រោងនានា នៅតំបន់អង្គរ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលមកទស្សនាតំបន់រមណីយ ដ្ឋានអង្គរ និងបានបង្ហាញអារម្មណ៍ សប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរពាក់ព័ន្ធ កំពុងមមា ញឹកក្នុងការងាររៀបចំលម្អ និងសាងសង់រោងជាច្រើន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី។ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា មក ដល់ត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៣ ដំណើរការសាងសង់សំណង់នានា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រេចលទ្ធផលបានប្រមាណ៩០ភាគរយហើយ។ ខណៈក្រុមការងារគ្រប់ផ្នែកទាំងអស់ កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួន ឱ្យបានរួចរាល់១០០ ភាគ រយ ដើម្បីឱ្យសម្រេចបានតាមផែន ការគ្រោងទុក ពោលគឺដើម្បីទទួលព្រឹត្តិការណ៍អង្គរសង្រ្កាន្តចាប់ពីថ្ងៃទី ១៣ដល់ ១៦ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប៉ូច ចាន់រំដួល ជាភ្ញៀវទេសចរមួយរូប ដែលធ្វើដំណើរមកពីក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ទោះបីមិនមែនជាលើកទីមួយ ដែលអ្នកស្រីនិងគ្រួសារ បានមកដល់តំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែមក ដល់នៅពេលនេះ អ្នកស្រីបាន ឃើញការរៀបចំសាងសង់រោងជាច្រើនសម្រាប់ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ជាពិសេសការតាំងលម្អទៅដោយផ្ការំដួល ភ្លើងបំភ្លឺ និងសម្ភារៈផលិតដោយដៃជាច្រើន មើលទៅមានភាពស្រស់ស្អាតជាខ្លាំង។ អ្នកស្រីបន្តថា ក្រោយបានឃើញសកម្មភាពទាំងនេះហើយ អ្នកស្រីនឹងត្រឡប់មកកាន់ខេត្តសៀមរាបជាថ្មីម្តងទៀត នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីចូលរួមក្នុងកម្មវិធីកម្សាន្តសប្បាយជាលក្ខណៈមហាគ្រួសារខ្មែរ។ រាល់ឆ្នាំអត់មានអ៊ីចឹងទេតាមផ្លូវចូលស្អាតម្ល៉េះ មានអារម្មណ៍ថាសប្បាយរំភើប មកដល់ឃើញស្អាតអ៊ីចឹងមានអារម្មណ៍ថាចង់មកទៀតចូលឆ្នាំនេះ មានអារម្មណ៍ស្អាតប្លែកខ្លាំងណាស់។ សំណូមពរឱ្យភ្ញៀវទេសចរចូលមកលេងអង្គរវត្តឱ្យច្រើនៗ ព្រោះគេរៀបចំប្លែកច្រើន ណាស់ ហ្នឹងហើយប្រពៃណីរបស់ខ្មែរយើងរៀបចំស្អាតណាស់ ទាំងលក្ខណៈផ្កា ទាំងការលម្អគេតាំងតាមផ្លូវ មានរោងអ៊ីចឹង។ ចំណែកលោក ហា បូរិន្ទ ប្រជា ពលរដ្ឋរស់នៅខេត្តកណ្តាល ដែលបានអញ្ជើញមកកម្សាន្តនៅក្នុងខេត្ត សៀមរាប បានឱ្យដឹងថា នៅពេលមកដល់តំបន់រមណីយដ្ឋាន និងតំបន់មួយចំនួនក្នុងក្រុងសៀមរាប លោកពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានឃើញការតុប តែងលម្អយ៉ាងស្រស់ស្អាត ជាលក្ខណៈបង្ហាញអំពីវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរ ដើម្បីទទួលឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ លោកបូរិន្ទ បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញចូលរួមកម្សាន្តសប្បាយឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលខាងមុខនេះ។ និយាយរួមប្លែកគ្រប់យ៉ាង ទាំងការរៀបចំ មានអារម្មណ៍ថា ចូលមកដល់ទឹកដីខេត្តសៀមរាបជាលើកទីពីរមានអារម្មណ៍ថា ដោយគាត់បានរៀបចំទទួលសង្រ្កាន្តឆ្នាំថ្មី គឺគួរឱ្យចង់រស់នៅបន្ត ចង់នៅលេងសង្រ្កាន្តតែដោយសារមានធុរៈ គឺគាត់រៀបចំលក្ខណៈបែបបង្ហាញពីវប្បធម៌អរិយធម៌របស់យើងសូមសំណូមពរឱ្យភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងសង្រ្កាន្តនៅខេត្ត សៀមរាបឱ្យបានច្រើន។ សូមជម្រាបផងដែរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ជាគម្រប់ខួប១០ឆ្នាំ ក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ដែលព្រឹត្តិការណ៍នេះ មានគោលបំណង ប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជា ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនារបស់ខ្មែរ ដែលមានតាំងពីបុរាណមក។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ នឹងធ្វើឡើងចំនួន០៦ទីតាំង ទាំងនៅក្នុងតំបន់អង្គរ នៅតាមដងស្ទឹង ក្នុងក្រុងសៀមរាប និងមានចំនួន៤៤កម្មវិធី ជាពិសេសនោះ គឺមានវិញ្ញាសាចំនួន២គឺ ការរាំចង្វាក់ម៉ាឌីហ្សុន និងបត់ក្រដាស ជារូបបេះដូង(Beyond the Games) ដើម្បីបំបែកកំណត់ត្រាពិភពលោក៕ សម្រួលដោយ ទៀង បុណ្ណរី