ពេល​នាំ​ខ្សែ​ក្រវាត់ WMO ដល់​​កម្ពុជា​​​ Thiago​​ ប្រកាស​​​វ៉ៃ​​​តំណាង​​​គុន​​​ខ្មែរ​​​លើ​​​ឆាក​​​អន្តរជាតិ​ទៀត​​

កីឡាករ​ប្រេស៊ីល Thiago Teixeira បាន​នាំ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក (WMO) មក​ដល់​ទឹក​ដី​កម្ពុជា​​ហើយ​ព្រឹក ថ្ងៃ​ទី​៤ ខែ​មេសា​​នេះ បន្ទាប់​ពី​​ទទួល​បាន​ជោគជ័យ​លើ​ដៃ​គូ​ជន​ជាតិ​អង់គ្លេស Joe Craven កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​​មេសា នៅ​ប្រទេស​អាល្លឺម៉ង់។  ដំណើរ​មក​ដល់​របស់​ម្ចាស់​ខ្សែ​ក្រវាត់​ WMO ​នៅ​អាកាស​យានដ្ឋាន​​ភ្នំពេញ​អន្តរជាតិ​​​ត្រូវ​បាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ស្ទើរ​ពេញ​ច្រក​​ចេញ​​ទៅ​ទទួល​​ស្វាគមន៍​ដែល​​បាន​ធ្វើ​ឲ្យ​កីឡាករ​ប្រេស៊ីល​រូប​នេះ​រំភើប​​យ៉ាង​ខ្លាំង ហើយ​មិន​នឹក​ស្មាន​ថា ខ្លួន​ទទួល​បាន​ក្តី​ស្រឡាញ់​​ច្រើន​ពី​ប្រជា​ជន​កម្ពុជា។  នៅ​ចំពោះ​មុខ​អ្នក​ទទួល​ស្វាគមន៍ កីឡាករ Thiago Teixeira បាន​និយាយ​ថា ៖«ខ្ញុំ​សូម​​អរគុណ​​ដល់​អ្នកគាំទ្រ​កម្ពុជា​ទាំង​អស់​គ្នា​ដែល​បាន​ផ្តល់​សេចក្តី​ស្រឡាញ់ និង​គាំទ្រ​ចំពោះ​រូប​ខ្ញុំ។ គុន​ខ្មែរៗ​មាន​ប្រភព​ដើម​ពី​ប្រទេស​កម្ពុជា។ សួស្តី អ្នកទាំង​អស់​គ្នា ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​វ៉ៃ​តំណាង​ឲ្យ​គុន​ខ្មែរ។ ខ្ញុំ​មិន​នឹក​ស្មាន​​​ថា ​ប្រជា​ជន​កម្ពុជា​បាន​​ស្រឡាញ់​គាំទ្រ​ខ្ញុំ​ខ្លាំង​ដល់​ម្ល៉េះ​សោះ។ កម្ពុជា​ជា​​​ផ្ទះ​ទី​២​របស់​ខ្ញុំ»។   កាល​​នៅ​​លើ​សង្វៀន​​ Apex Fight Series ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា Thiago ក៏​បាន​ប្រកាស​ថា រូប​គេ​សូម​​​អរគុណ​ដល់​​អ្នក​គាំទ្រ​គុន​ខ្មែរ។ ​ប្រជា​ជន​ខ្មែរ​​ស្រឡាញ់​ចូល​ចិត្ត​​រូប​គេ​ខ្លាំង​ណាស់។  សូម​បញ្ជាក់​ថា ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ក្នុង​ទឹក​ទី១ ​កីឡាករ​អង់គ្លេស Joe Craven ​បង្ហាញ​ទម្រង់​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​ទាត់ និង​ឡើង​ជង្គង់ ស្រប​ពេល​​កីឡាករ​គុន​ខ្មែរ Thiago Teixeira ចេញ​កណ្តាប់​ដៃ​មួយ​ៗ និង​ការពារ​ជំហរ​បាន​ល្អ។ នៅ​​ទឹក​ទី​២ Thiago ធ្វើ​បាន​ល្អ​ខ្លាំង​មែន​ទែន​ដោយ​ប្រើ​កណ្តាប់​ដៃ​​វ៉ៃ​ឲ្យ​ Joe Craven ដួល​នៅ​ដើមទឹក​ និង​ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨​​លើក​ទី​១។ បន្ទាប់​ពី​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់ កីឡាករ​អង់គ្លេស​បាន​តាំង​​ស្មារតី និង​តស៊ូ​ប្រយុទ្ធ​ឡើង​វិញ​បាន​ល្អ ប៉ុន្តែ​​ចុង​ទឹក​ទី​២​ត្រូវ​មួយ​កែង​របស់​​កីឡាករ​ប្រេស៊ីល ដួល​លើក​ទី​២ ត្រូវ​អាជ្ញា​កណ្តាល​រាប់​ម្តង​ទៀត​ ហើយ​​​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង