សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយ នាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”។ ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាការតបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សា អំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។ ឯកឧត្ដមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ បានប្រព្រឹត្តទៅចំនួនបីលើករួចមកហើយ ដែលលើកទីមួយនៅប្រទេសថៃ ក្នុងខែមេសា ឆ្នាំ២០១០ និងលើកទីពីរ នៅខែមេសា ឆ្នាំ២០១៤ នៅប្រទេសវៀតណាម និងលើកទីបីនៅព្រះរាជាណាចក្រកម្ពុជាក្នុងខែមេសា ឆ្នាំ២០១៨។ ឯកឧត្ដមបានបញ្ជាក់ថា តាមកម្មវិធីគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣៕ សម្រួលដោយ ទៀង បុណ្ណរី