កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូពីសិស្សសាលា

ក្រុមជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនក្រោយធ្វើសកម្មភាពពួនស្ទាក់វាយយកម៉ូតូពីពលរដ្ឋនៅចំណុចលើខ្នងប្រឡាយត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។   លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី០២ ខែមេសា កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងអាវុធហត្ថស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖ ដោយម៉ោង៩និង២៥នាទី ឃាត់ខ្លួនបានម្នាក់ឈ្មោះ រឿន សាម៉ីឌី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ។  លុះម៉ោង១០ និង១០នាទី ឃាត់ខ្លួនម្នាក់ឈ្មោះ ហៃ វាសនា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង។ រហូរដល់ម៉ោង១០និង២០នាទី ឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ វណ្ណ ភារម្យ ហៅង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំខ្វាវ ស្រុកសំរោង។   លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានរម្លឹកដំណើររឿងថា ក្រោយកម្លាំងអាវុធហត្ថទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆាង ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ដោយកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ និងបានរៀបរាប់ថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០​​ នាទី មានជនសង្ស័យ០១ក្រុម មានគ្នា០២នាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ សាម៉ីឌី បានធ្វើសកម្មភាពពូនចាំស្ទាក់វាយយកម៉ូតូក្មួយរបស់គាត់ត្រង់ចំនុចលើខ្នងប្រឡាតត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ម៉ូតូម៉ាកហុងដា C125 សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R.6385 របស់ជនរងគ្រោះ ឈ្មោះ សុត រចនា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។   បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលេី ត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការបន្តតាមនីតិវីធី៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង