សមត្ថកិច្ចចុះបង្រ្កាប​រថយន្តដឹកវល្លិរមៀតខុសច្បាប់មួយគ្រឿងនៅខេត្ដរតនគិរី

ខេត្តរតនគិរី​​៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងមេព្រៃ​ និងមានការសម្របសម្រួលដោយ លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២ ខែមេសានេះបានចុះទៅចាប់រថយន្ត សាំយ៉ុងមួយគ្រឿងដែលឈ្មួញដឹកវល្លិរមៀតលក់ធ្វើអាជីវកម្មមិនស្របច្បាប់…។  ប្រជាពលរដ្ឋម្នាក់នៅស្រុកវ៉ឺនសៃ បានប្រាប់ឱ្យដឹងថា មានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស អត់មានស្លាកលេខ បានដឹកវល្លិរមៀតពេញរថយន្តចេញពីភូមិសាស្ត្រ​ស្រុកវ៉ឺនសៃកាត់ស្រុកអូរជុំ ឆ្ពោះចូលទៅខេត្តរតនគិរី ដើម្បីលក់ឱ្យឈ្មួញម្នាក់ដែលឈរជើងចាំទិញលក់បន្ដនៅក្រុងបានលុង។ ពលរដ្ឋបន្តទៀតថា​ ប៉ុន្តែពេលរថយន្តដឹកវល្លិរមៀត បើកចូលទៅដល់ផ្ទះឈ្មួញម្នាក់នៅក្រុងបានលុង ត្រូវបានកម្លាំងចម្រុះខាងលើចុះទៅសួរនាំ ឃើញថា​ពុំមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មទេ និងបានធ្វើការរឹបអូសយករថយន្ដ ដែលផ្ទុកវល្លិរមៀតពេញនោះ ប្រគល់ដល់ជំនាញមេព្រៃ។   លោក ហុង ភានាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ករណីកម្លាំងចម្រុះចុះចាប់រថយន្តដឹកវល្លិរមៀតនោះ គឺលោកពុំទាន់ទទួលបានរបាយការណ៍នៅឡើយទេ។ លោក បានបន្ដថា ករណីនោះប្រហែលមន្រ្តីគេកំពុងចាត់ការ ដើម្បីបង្តសំណុំរឿងបញ្ជូនទៅថ្នាក់លើហើយ។ សូមបញ្ជាក់ថា រថយន្តដែលឃាត់បានខាងលើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើលំផាត់ចាត់ការបន្ដ ប៉ុន្តែអ្វីដែលមហាជនមានការងឿងឆ្ងល់នោះ គឺសមត្ថកិច្ចពុំបានឃាត់ខ្លួនមនុស្សដែលជាម្ចាស់រថយន្ត និងមេឈ្មួញនោះទេ មិនដឹងថា ក្រុមឈ្មួញទាំងនោះចេះបំបាំងកាយ ឬចេះកួចស្មៅបាត់ខ្លួនដូចអតីតមេទ័ពខ្មែរដាបឈួន ឬយ៉ាងណាឡើយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង