គម្រោងដេញថ្លៃផ្លូវបេតុងអាមេចំនួន ៦ ខ្សែ នៅស្រុកស្ទឹងត្រង់មានភាពមិនប្រក្រតី
រដ្ឋបាលស្រុកស្ទឹងត្រង់នាចុងសប្ដាហ៍កន្លងមកបានរៀបចំដាក់ឲ្យដេញថ្លៃគម្រោងផ្លូវបេតុងអាមេចំនួន ៦ ខ្សែ ស្ថិតនៅក្នុងឃុំចំនួន ៦ នៃស្រុកស្ទឹងត្រង់។ ប្រជាពលរដ្ឋមូលដ្ឋានបានរិះគន់ថា ការដេញថ្លៃគឺគ្រាន់តែធ្វើឡើងបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយផ្តល់អំណាចដល់អ្នកកាន់ប៊ីតមួយចំនួនធំដែលមិនបានបញ្ចេញដេញថ្លៃ ហើយឈរចាំតែទទួលផលថ្លៃទឹកតែប៉ុណ្ណោះ ដោយបានយកថវិការបស់រដ្ឋយកមកចែកគ្នា។ ជុំវិញការចែកទឹកតែក្រោមការរៀបទន្លាប់ចាស់បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីប្រជាពលរដ្ឋដែលមិនបានចូលរួមក្នុងពិធីដេញថ្លៃនេះ ហើយចាំទទួលយកលទ្ធផលផ្លូវគ្មានគុណភាពបន្ទាប់ពីគេយកលុយរដ្ឋ ១០ ភាគរយមកចាយក្នុងផលប្រយោជន៍សួនតួនោះ។ ការដេញនេះគ្មានការប្រកួតប្រជែងបែបទីផ្សារសេរីនោះទេ គឺការដេញតម្លៃប៉ាន់ស្មាន និងតម្លៃដែលទទួលយកបានខុសគ្នាតិចតួចតែប៉ុណ្ណោះ “ទាំង៦ឃុំ” បើប្រៀបធៀបជាមួយស្រុកព្រៃឈរមានភាពខុសគ្នាឆ្ងាយ គម្រោងដេញថ្លៃនៅស្រុកព្រៃឈររដ្ឋចំណេញថវិកា ខណៈការដេញនៅស្រុកស្ទឹងត្រង់រដ្ឋមិនចំណេញថវិកាអ្វីនោះទេ។ ឃុំទាំង ៦ នោះរួមមាន ១.ឃុំអារក្សត្នោត គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៥០០ ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៦០ លានរៀន បានទៅក្រុមហ៊ុន ម៉ៅ អេងជឺ មានតម្លៃដេញទទួលយកបាន ២៥៧ លានរៀល។ ២.ឃុំខ្ពបតាងួន គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងប្រវែង ៤ ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២៣៤លានរៀល បានទៅក្រុមហ៊ុន កេត សុខគាង តម្លៃដេញទទួលយកបាន ២២៥លានរៀល។ ៣.ឃុំព្រះអណ្តូង គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៥៦ លានរៀល បានទៅក្រុមហ៊ុន កេត សុខគាង មានតម្លៃដេញទទួលយកបាន ១៥២លានរៀល។ ៤.ឃុំពាមកោះស្នា គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២០៨លានរៀល បានទៅក្រុមហ៊ុន ហួត ឆៃលីម មានតម្លៃដេញទទួលយកបាន ២០៣លានរៀល។ ៥.ឃុំព្រែកបាក់ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងប្រវែង៤មែត្រ មានតម្លៃប៉ាន់ស្មាន ២៣៣លានរៀល បានទៅក្រុមហ៊ុន អ៊ូ លាងហុង តម្លៃដេញទទួលយកបាន ២២៧លានរៀល។ និងទី៦.ឃុំទួលព្រះឃ្មាំង គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៩៥ លានរៀល បានទៅក្រុមហ៊ុន អ៉ឹង ចាន់ឡា តម្លៃដេញទទួលយកបាន ១៩២លានរៀល។ មហាជនក៏បានសំណូមពរដល់ រដ្ឋស្រុកស្ទឹងត្រង់ លោកនាយករងរដ្ឋបាលសាលាខេត្ត និងគណៈកម្មការលទ្ធកម្ម គួរពិនិត្យបញ្ជីវត្តមានឯកសារអ្នកដេញមានច្រើននាក់ ពេលដេញផ្ទុយស្រឡះពីបញ្ជីចុះវត្តមាន៕ សម្រួលដោយ ទៀង បុណ្ណរី