កម្រិតខ្យល់ពុលធ្ងន់ធ្ងរនៅ ឈៀងម៉ៃ បណ្តាលឲ្យមនុស្សជាង ១ម៉ឺននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

ជំងឺផ្លូវដង្ហើម និងអាឡ័កស៊ីដែលបណ្តាលមកពីការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ បានបណ្តាលឲ្យមនុស្សចំនួន១២៦៧១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai គិតចាប់តាំងពីថ្ងៃទី១ខែមករាឆ្នាំនេះ។  ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដគឺខ្ពស់ជាងសេចក្តីរាយការណ៍ទៅទៀត ព្រោះអ្នកជំងឺជាច្រើនមិនអាចចូលព្យាបាលបាន ដោយសារមន្ទីរពេទ្យផ្ទុកមនុស្សច្រើនលើសកម្រិតទៅហើយ។ នេះបើតាមវេជ្ជបណ្ឌិត Bannakit Lojanapiwat ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ក្នុងសាកលវិទ្យាល័យឈៀងម៉ៃ។  លោកវេជ្ជបណ្ឌិត Bannakit បានលើកឡើងថា “ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលសាធារណៈ កំពុងធ្វើការគ្មានពេលឈប់សម្រាក ដើម្បីផ្តល់ការថែទាំសុខភាពឲ្យបានល្អបំផុតដល់សាធារណជន។ យ៉ាងណាក្តី ប្រជាពលរដ្ឋក៏គួរតែថែរក្សាសុខភាពរបស់ពួកគេផងដែរ ដើម្បីការពាររោគសញ្ញាធ្ងន់ធ្ងរពីការបំពុលបរិយាកាស”។   លោកបន្តថា “ប្រសិនបើកម្រិតកំហាប់ខ្យល់ PM2.5 លើសពី៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប អ្នកគួរតែចៀសវាងការស្នាក់នៅខាងក្រៅយូរពេក។ នៅក្នុងតំបន់ដែលមាន PM2.5 លើសពី១៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប មនុស្សគួរតែស្ថិតនៅក្នុងផ្ទះ បិទបង្អួច និងបើកម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបន្សុទ្ធ ដែលអាចចម្រោះភាគល្អិតធូលី ប៉ុន្តែប្រសិនបើអ្នកចាំបាច់ត្រូវចេញទៅក្រៅ ត្រូវប្រាកដថា អ្នកពាក់ម៉ាស N95 ឲ្យបានត្រឹមត្រូវ”។  គួរបញ្ជាក់ថា ទីក្រុងឈៀងម៉ៃ ត្រូវវាយប្រហារដោយការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែការដុតកាកសំណល់កសិដ្ឋាន និងភ្លើងឆេះព្រៃទាំងក្នុងប្រទេសថៃ និងនៅប្រទេសជិតខាង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង