ក្រុមគ្រូពេទ្យកំពុងព្យាយាមសង្គ្រោះពេទ្យសត្វជនជាតិម៉ាឡេស៊ីម្នាក់យ៉ាងយកចិត្តទុកដាក់ ក្រោយត្រូវដំរីជល់ធ្លាយពោះរបួសធ្ងន់
រាជធានីភ្នំពេញ៖ ជនជាតិម៉ាឡេស៊ីម្នាក់ដែលជាពេទ្យសត្វរបស់អង្គការ WWF កំពុងទទួលការព្យាបាលនៅមន្ទីររពេទ្យរាជធានីភ្នំពេញយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីដំរីព្រៃព្រេចពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរខណៈកំពុងព្យាយាមបាញ់ថ្នាំសណ្តំ។ នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ TNM តាមទូរសព្ទនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣…។ ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាបុគ្គលិកពេទ្យសត្វរបស់អង្គការ WWF បានទៅបាញ់ថ្នាំសណ្ដំដាក់កាមេរ៉ាប្រឡៅ-កដំរី (Radio tracker) ដើម្បីសិក្សាពីរបាយការណ៍នៃសត្វដំរីព្រៃក្នុងខេត្តមណ្ឌលគិរី។ ជាអកុសលគាត់បានប្រទះជាមួយហ្វូងដំរីមួយក្រុម ដោយស្ថានភាពទល់មុខគ្នាគេចមិនទាន់គាត់ ក៏ត្រូវដំរីព្រៃជល់នឹងភ្លុក បណ្ដាលឱ្យធ្លាយពីក្រោយខ្នងមកក្រោមដោះរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៨ៈ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកឧទ្ធម្ភាគចក្រសង្គ្រោះនៅរាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ក្រុមការងារហ្នឹង គឺគាត់សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អង្គការ WWF ជាអ្នកជំនាញដើម្បីធ្វើកិច្ចការងារក្នុងការដាក់ប្រព័ន្ធតាមដានទៅលើសត្វដំរីព្រៃ ចឹងបានជួបឧបទ្ទវហេតុហ្នឹងនៅក្នុងអំឡុងពេលការងាររបស់គាត់។ គាត់ឥឡូវកំពុងតែព្យាបាលនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានកំពុងតែយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានទៅលើស្ថានភាពសុខភាពរបស់គាត់»៕ សម្រួលដោយ ទៀង បុណ្ណរី