សិស្ស​សាលា​វិទ្យាល័យ​ព្រះរាជបូជនីយ​កិច្ច​ជាង​៧០០នាក់​ នាំ​គ្នា​ប្រឆាំង​នឹង​ចំណី​អាហារ​ គ្មាន​គុណ​ភាព

សិស្សសាលាវិទ្យាល័យ​ព្រះរាជបូជាជនិច្ចខេត្តស្ទឹងត្រែង​អាយុក្រោម ១៨ឆ្នាំប្រមាណជាង ៧០០នាក់ បាន​នាំ​គ្នា​ប្រឆាំង​ នឹង​ចំណីអាហារ​ គ្មាន​គុណភាព​នឹង​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ លក់​តាម​ទីផ្សារ​និង​សាលា​រៀន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សុខភាព​។​ ​ពួក​គាត់​ស្មើ​ឱ្យ​មន្ត្រី​សាខាការ​ពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ហៅ​​កាត់​ថា​(ក.ប.ប)ខេត្ត​ស្ទឹងត្រែង បង្កើន​ចាត់​វិធាន​ការ​ចំពោះ​អ្នក​លក់​ដូរ​ចំណី​ ទាំង​នេះ​នៅ​តាម​ទីផ្សា​និង​សាលារៀន។  ក្នុង​កម្ម​វិធីផ្សព្វផ្សាយ​ស្តីពីការគ្រោះថ្នាក់​បណ្តាល​មក​ពី​ចំណី​អាហារ​គ្មាន​គុណភាព​នៅ​សាលាវិទ្យាល័យ​ព្រះរាជបូជនីយ​កិច្ច​ខេត្ត​ស្ទឹងត្រែង ថ្ងៃទី៣១​ មីនាឆ្នាំ២០២៣ តំណាង​ឱ្យ​យុវសិស្ស​ទាំង​អស់​យុវតី​ ទីន ស្រីណា រៀន​ថ្នាក់ទី៨ D បានទាមទារឱ្យមន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ​បង្កើនសកមម្មភាព​ចុះ​ត្រួត​ពិនិត្យ​ចំណី​អាហារ​ឱ្យ​បាន​ញឹក​ញាប់​ និង​ចាត់​វិធាន​ការ​ចំពោះ​អាជីវករ​ណា​ដែល​លួច​លក់​ចំណី​អាហារ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ទៅ​តាម​ផ្លូវ​ច្បាប់​។​   លោក​ គឹម​ ប្រុស ប្រធានសាខាការពារអ្នកប្រើប្រាស់ ​កិច្ច​ការ​ប្រកួត​ប្រជែង​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ខេត្ត​ស្ទឹង​ត្រែង ​បាន​ទទួល​ស្គាល់​ថា​​ ចំណី​អាហារ​ផលិត​គ្មាន​គុណភាព​នឹង​ហួស​បរិច្ឆេទ​កាល​ប្រើ​ប្រាស់​ពិត​ជា​បង្កផលប៉ះពាល់ ដល់សុខភាព កុមារ ឬកូនចៅតូចៗ ពេល​បរិភោគ​ចំណីអាហារ​ទាំង​នោះ។   លោក​បាន​បន្ត​ថា​ ករណី​ទាំង​នេះ​មន្ត្រី​ជំនាញ​តែង​បាន​ចុះ​ធ្វើ​សកម្មភាព​ត្រួត​ពិនិត្យ​ជា​រៀង​រាល់​ខែ​ដើម្បី​តែ​ចង់​បាន​សុខភាព​ល្អ​ទាំង​អស់​គ្នា ​តែ​ក៏​នៅ​មាន​អ្នក​បន្លំ​លក់​ បញ្ហានេះប្អូនៗ​ក្មួយៗ​ត្រូវ​ចេះ​ពិនិត្យ​មើល​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ ​និង​លើក​កម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​ ហើយ​ជួយ​ផ្សព្វផ្សាយ​ទៅ​មិត្តភ័ក្ដិ​យើង​បន្ថែម​​ទើប​ល្អ​ជាង​ ​។   លោក​ស្រី​ ឌុក​ ផាគី​ណា ទទួល​បន្ទុក​គ្រប់​គ្រង​នៅ​សាលាវិទ្យល័យព្រះរាជបូជនីយកិច្ច បាន​លើក​ឡើង​ថា​​ ក្រសួង​អប់រំ​បាន​ដាក់​បញ្ចូល​កម្ម​វិធី​អប់​រំសុខភាព​ ហើយ​លោក​គ្រូ​អ្នក​គ្រូ​បាន​ពន្យល់​ដល់​សិស្ស​ពី​បញ្ហា​សុខ​ភាព​រយៈ​ពេល​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​ណែ​នាំ​ឱ្យ​សិស្ស​ឱ្យ​ស្វែង​យល់​ពី​ចំណី​អាហារ​មួយ​ចំនួន​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ហាម​លក់​នៅ​តាម​បរិវេណ​សាលា​រៀន​ជា​រឿយ​ៗ​។   លោក​ស្រី​បន្ត​ថា​​ បច្ចុប្បន្ន​សិស្សានុសិស្ស​មាន​ការ​យល់​ដឹង​ច្រើន​ ហើយ​ចំណេះ​ដឹង​នេះ​ជា​ផ្នែក​មួយ​ជួយ​លើក​កម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ចាប់​ពី​វ័យ​កុមារ​ឡើង​ទៅ​ ដោយ​សារ​នៅ​សាសារៀន​កុមារ​គ្រប់​រូប​បាន​ស្តាប់​គ្រូ​ច្រើន​ជាង​ឪពុក​ម្តាយ​នៅ​ផ្ទះ​។  សូម​បញ្ចា​ក់ថា​ បច្ចុប្បន្ន​នេះ​មាន​ចំណី​អាហារ​មួយ​ចំនួន​ល្អ​តែ​សំបក​ក្រៅ​ តែ​គ្មាន​រស់​ជាតិ​នឹង​គុណភាព ​ហើយ​ចំណី​អាហារ​ខ្លះ​ទៀត ​អ្នកផលិត មិន​ដាក់​ស្លាកសញ្ញាសម្គាល់ដែរ នេះ​ជា​កត្តា​គ្រោះ​ថ្នាក់​បំផុត​នៅ​ពេល​កើត​បញ្ហា រក​អ្នក​ទទួល​ខុស​ត្រូវ​មិន​ឃើញ ​ ដូច​នេះ​យើង​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ទើប​ជា​ការ​ល្អ​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង