រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើអតិថិជនចូលរួមសន្សំសំចៃទឹកដោយអនុវត្តតាមគោលការណ៍៥ចំណុចរបស់រាជរដ្ឋាភិបាល
រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើរសុំអតិថិជនឧស្សាហកម្ម និងសិប្បកម្ម ទាំងអស់ជួយសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ដោយត្រូវអនុវត្តតាមគោលការណ៍៥ចំណុចរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹក កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងដដែលបានឱ្យដឹងបន្ថែមថា ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះមុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការនៅដើម ខែឧសភា ខាងមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមករុណា អតិថិជនឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូលរួមសន្សំសំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ឱ្យស្របតាមគោលនយោបាយ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» របស់រាជរដ្ឋាភិបាលដោយត្រូវអនុវត្តគោលការណ៍ ៥ចំណុចរួមមាន៖ ទី១. ជួយសន្សំសំចៃទឹកដោយការកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ, ទី២. ផ្អាកការប្រើប្រាស់ទឹកដោយផ្ទាល់ពីបណ្ដាញទឹករដ្ឋ និងជំនួសវិញដោយត្រូវបើកទឹកបញ្ចូលក្នុងអាងស្ដុកទុក ឬស៊ីទែន មុននឹងបន្តការប្រើប្រាស់។ រីឯទី៣. ចៀសវាងការប្រើម៉ូទ័របូមទឹកផ្ទាល់ពីបណ្ដាញទឹក ដែលជាហេតុបណ្តាលឱ្យធ្លាក់សម្ពាធទឹកក្នុងបណ្តាញចែកចាយ មិនអាចបញ្ចូនទឹកទៅតំបន់ជាយក្រុងបាន, ទី៤. ពិនិត្យលទ្ធភាពផ្លាស់ប្ដូរ ឬកែសម្រួលពេលវេលាផលិតកម្ម ឬការប្រើប្រាស់ទឹកក្នុងម៉ោងដែលកំពុងមានតម្រូវការគំហុក នឹងទី៥. ចំពោះទីតាំងលាងរថយន្តត្រូវកាត់បន្ថយការប្រើប្រាស់ទឹក និងសូមម្ចាស់យានយន្តកាត់បន្ថយ ឬផ្អាកការលាងរថយន្តសម្រាប់ខែមេសា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ការស្នើសុំសន្សំសំចៃទឹករបស់រដ្ឋាករទឹកនេះ ធ្វើឡើងដោយយោងតាមស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំង បណ្តាលឱ្យតំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់គ្រាន់៕ សម្រួលដោយ ទៀង បុណ្ណរី