សុំលុយមិនបាន យកកាំបិតអារ.ក សម្លាប់ម្ដាយបង្កើត ស្លាប់ក្នុងថ្លុកឈាម

ស្ត្រី​ម្នាក់ បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​កូនប្រុស​បង្កើត​យក​កាំបិត​អារ.ក សម្លាប់ កាលពី​វេលា​ម៉ោង ៨ និង ២០ នាទី​យប់ ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០២៣ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី ១ ស្ថិត​ក្នុង​ភូមិ ២៣ ក្រុម ១០៦ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។  សព​ជនរងគ្រោះ​ជា​ម្ដាយ​មាន​ឈ្មោះ តយ លឿ ភេទ​ស្រី អាយុ​ប្រហែល ៦០ ឆ្នាំ មុខរបរ​ផ្នែក​អនាម័យ​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ច្រេះ ឃុំ​ច្រេះ​ស្រុក​មេសា ខេត្ត​ព្រៃវែង។ ចំណែក​ជន​ដៃដល់​ជា​កូន​មាន​ឈ្មោះ ឈា​ត ឆែ ភេទ​ប្រុស អាយុ​ជាង ៣០ ឆ្នាំ មុខរបរ​លី​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ស្នាក់នៅ​ជាមួយគ្នា។   បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​កូន​មាន​ជំងឺ​សរសៃប្រសាទ​ជា​យូរ​ណាស់​មក​ហើយ។ មុន​កើតហេតុ ជន​ដៃដល់​ជា​កូន បាន​សុំ​លុយ​ម្ដាយ​ចំនួន ៣៥ ម៉ឺន​រៀល តែ​ម្ដាយ​មិន​ឲ្យ។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ជា​ម្ដាយ​បាន​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​មើល ក៏​ឃើញ​ជនរងគ្រោះ​ត្រូវ​កូន​អារ.ក សម្លាប់ ស្លាប់​ក្នុង​ថ្លុក​ឈាម​បាត់​ទៅ​ហើយ។   បើ​តាម​ការ​បញ្ជាក់​ពី​លោកពូ​ម្នាក់ ត្រូវ​ជា​ប្អូន​ថ្លៃ​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ កូន​ប្រុស​ជា​ជន​ដៃដល់ បាន​សុំ​លុយ​ម្ដាយ​ជា​ជន​រងគ្រោះ​ចំនួន ៣៥ ម៉ឺន​រៀល តែ​ម្ដាយ​មិន​ឲ្យ ដោយ​ប្រាប់​កូន​ថា លុយ​ម្ដាយ​ទិញ​ចិញ្ចៀន​អស់ហើយ ហើយ​នៅ​ខ្លះ​ទុក​គ្រាន់​ទៅ​លេង​ស្រុក​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខនេះ។   ប្រភព​ដដែល​បាន​បន្ត​ថា កូនប្រុស​របស់​គាត់​ដែល​ជា​ជន​ដៃដល់​តែងតែ​សុំ​លុយ​ម្ដាយ​យក​ទៅ​លេង​ល្បែង​តាម​អន​ឡាញ​ជា​ញឹកញាប់ ហើយ​ចាញ់​អស់​មក​សុំ​ទៀត ដោយ​ថ្ងៃ​កើត​ហេតុ​ម្ដាយ​មិន​ឲ្យ ក៏​បែក​សតិ​យក​កាំបិត​អារ.ក ម្ដាយ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម​នៅ​បន្ទប់​ជួល​តែម្ដង។ ភ្លាមៗ ជន​ដៃដល់ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​តាម​ច្បាប់។   ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ផ្នែក​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​បងប្អូន​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង