ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ បរិស្ថានព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2023 39 ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ប្រតិភូអង្គការ IUCN បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនូវអាទិភាពការងារថ្មីៗរបស់អង្គការ រួមមានគម្រោងការពារនិងស្ដារទឹកក្រោមដីនៅក្នុងអនុតំបន់មេគង្គ គម្រោងអភិរក្សនិងជំរុញអេកូទេសចរណ៍នៅឧទ្យានជាតិវីរៈជ័យ និងគម្រោងអនុវត្តក្របខណ្ឌអនុសញ្ញាស្ដីពីជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូអង្គការ IUCN ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសច្រើនជាងមុនក្នុងកិច្ចការងារបរិស្ថាន ហើយការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានគឺជាចំណុចយុទ្ធសាស្ត្រ សម្រាប់ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាទិភាពការងាររបស់អង្គការ IUCN គឺពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយអាទិភាពជាយុទ្ធសាស្ត្របស់ក្រសួងបរិស្ថាន ហើយឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ IUCN នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតដោយឈរលើមូលដ្ឋាននៃអាទិភាពទាំងនេះ៕ 39 ចែករំលែក