កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយច្រើនជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជធានីភ្នំពេញ៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយច្រើនជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតតាមរដូវកាល។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) នាយិកាធនាគារពិភពលោក ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងអង្គសិក្ខាលាលាមួយស្តីពី សេចក្ដីព្រាងយុទ្ធសាស្ត្រហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា។ លោកស្រី ម៉ារីយ៉ាម សាលីម បានឱ្យដឹងថា៖ «របាយការណ៍របស់ Inform Risk Index ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៦១ ក្នុងចំណោម១៩១ប្រទេស ដែលនេះបានបង្ហាញពីកម្រិតខ្ពស់នៃហានិភ័យគ្រោះមហន្តរាយ»។ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០ ជាមធ្យមប្រទេសកម្ពុជា មានទឹកជំនន់ចំនួន២១ដង ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ស្មើនឹង៤៦ភាគរយនៃគ្រោះមហន្តរាយសរុប។ ការវាយតម្លៃរបស់ធនាគារពិភពលោក បានបង្ហាញថា កម្ពុជាទំនងជាប្រឈមមុខនឹងគម្លាតការពារ ប្រសិនបើគ្មានវិធានការអន្តរាគមន៍ទេ។ យ៉ាងណាក្ដី រហូតមកដល់ពេលនេះ វិធានការផ្តល់ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនៅក្នុងប្រទេស ត្រូវបានកំណត់យ៉ាងទូលំទូលាយ ដូចជាថវិកាសម្រាប់បរិក្ខា និងជំនួយបរទេស ដូចដែលបានបង្ហាញតាមរយៈគ្រោះមហន្តរាយកន្លងមក និងប្រតិបត្តិការឆ្លើយតបនឹងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។ នាយិការូបនេះ បានអះអាងបន្ថែមថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារពិភពលោកបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនភាពធន់របស់ប្រទេសក្នុងលក្ខណៈរួម»។ លោកស្រី ម៉ារីយ៉ាម សាលីម បន្ថែមថា កិច្ចការទាំងនោះ គឺរាប់បញ្ចូលទាំងការគាំទ្រនៅកម្រិតប្រទេស និងថ្នាក់តំបន់ តាមរយៈការបង្កើតវិធីសាស្ដ្រយុទ្ធសាស្ត្រចំពោះភាពធន់ផ្នែកហិរញ្ញវត្ថុ និងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយក្នុងតំបន់ ដូចជា គ្រឹះស្ថានធានារ៉ាប់រងហានិភ័យ គ្រោះមហន្តរាយអាស៊ីអាគ្នេយ៍ជាដើម៕ សម្រួលដោយ ទៀង បុណ្ណរី