ពិធីបិទសន្និបាតប្រចាំឆ្នាំ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន , ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង៥០ ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន ១ឬ២ប៉ុណ្ណោះ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មាន ក្លែងក្លាយ។
ប្រសាសន៍ ឯកឧត្តម ខៀវ កាញារីទ្ធិ ដូចជា ៖ -យឺតបន្តិច តែគ្រប់ជ្រុងជ្រោយ -សំខាន់ណាស់ កម្លាំងនៃព័ត៌មាន -អ្នកកាសែត ត្រូវចេះ សួរគួរសម និង សួរអោយឆេះ -អ្នកកាសែតត្រូវ ចេះរកបណ្ដាញព័ត៌មាន -អ្នកសែតត្រូវតែប្រកាន់ខ្ជាប់នូវក្រមសិលធម៌ វិជ្ជាជីវៈ -អ្នកសែតត្រូវចេះស្រលាញ់រាប់អាន សាមគ្គីគ្នា ទៅវិញទៅមក ។
ប្រសាសន៍ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកបែបនេះ នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត នៅពេលផ្ទុះជំងឺកូវីដ.១៩ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានចាក់វ៉ាក់សាំងមុនគេដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។
អ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ បើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែកបំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។
សន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនៅថ្ងៃនេះ បានរៀបចំធ្វើឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»។
ឯកឧត្តម ស សុខា បញ្ជាក់ថា ការឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា នៃសមាគម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និមន្ត និងអញ្ជើញចូលរួមចំនួន ៥៦០អង្គ/នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ៕