ករណីបាញ់ប្រហារដ៏សាហាវនៅអាមេរិក ផ្តាច់ជីវិតមនុស្ស៤នាក់ និងរបួស២នាក់
TNM(អាមេរិក) ៖ បណ្តាញព័ត៌មាន NBC ក្នុងស្រុកបានរាយការណ៍ថា ការបាញ់ប្រហារមួយបានកើតឡើងកាលពីថ្ងៃពុធនៅទីក្រុង Orange ចម្ងាយ៥៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Los Angeles ដែលបណ្តាលឲ្យ មនុស្សយ៉ាងតិចណាស់៤នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ស៊ិនហួរ។
នាយកដ្ឋានប៉ូលិសទីក្រុង Orange និយាយថា ពួកគេបានទទួលរបាយការណ៍នៃការបាញ់ប្រហារនៅម៉ោង៥ និង៣០នាទីល្ងាច ហើយបន្ទាប់មកបានរកឃើញ “ជនរងគ្រោះជាច្រើនរួមទាំងអ្នកស្លាប់” ផងដែរនៅកន្លែងកើតហេតុនៃការបាញ់ប្រហារនោះ។
មនុស្ស ៤ នាក់ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែងហើយមនុស្ស ២ នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។ នេះបើយោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យ Metro City ដែលជាអង្គភាពផ្តល់សេវាពន្លត់អគ្គិភភ័យ និងសង្គ្រោះបន្ទាន់ដល់ប្រជាជនជាង ១.២ លាននាក់នៅទីក្រុង Southern California រួមទាំងទីក្រុង Orange ផងដែរ។
បណ្តាញព័ត៌មាន ABC 7 បាននិយាយថា ប៉ូលិសគ្រាន់តែបញ្ជាក់ថាមានជនរងគ្រោះជាច្រើននៅនឹងកន្លែង ហើយអ្នកខ្លះត្រូវបានសម្លាប់ប៉ុណ្ណោះ ប៉ុន្តែចំនួនជនរងគ្រោះពិតប្រាកដមិនទាន់អាចកំណត់បាននៅឡើយទេ។ ជនសង្ស័យដែលត្រូវបានគេដឹងថាជាខ្មាន់កាំភ្លើងបានស្ថិតក្នុងការឃុំឃាំង និងដឹកទៅមន្ទីរពេទ្យដោយមិនទាន់ដឹងពីស្ថានភាពនៅឡើយផងដែរ៕