រដ្ឋាករទឹក៖ តម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើង ភ្នំពេញខ្វះទឹកផ្គត់ផ្គង់ ២៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានឱ្យដឹងថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញរួមមាន៖ សង្កាត់ស្វាយប៉ាក សង្កាត់គោករការ សង្កាត់ក្រាំងធ្នង់ សង្កាត់សម្រោងក្រោម សង្កាត់ភ្លើងឆេះរទេះ សង្កាត់កំបូល សង្កាត់ចោមចៅជាដើម។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការយោគយល់ពីអតិថិជន ហើយថា ខ្លួននឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។ យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្ដែងនៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យ៉ាងពេញទំហឹងក្នុងការផ្ដល់ទុនវិនិយោគ ដើម្បីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗឲ្យខាងតែបានចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការ ទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង៩០% ហើយ។ ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ៕ សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងក្រោម៖ សម្រួលដោយ ទៀង បុណ្ណរី